Raptor នគរបាល បុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរបាក់ចំនួន២កង់
ដោយ រតនា
ភ្នំពេញ៖ រថយន្ត Ford Raptor មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនមិនប្រយ័ត្នបានរេចង្កូតទៅបុកហ្នឹងរបាំងថ្មពុះចែកផ្លូវពេញទំហឹងបណ្តាលឲ្យបាក់ចំនួន០២កង់រងការខូច ចំណែករថយន្តបង្កខ្ទេចមួយកំណាត់មុខ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង៤និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តម៉ាក Ford Raptor ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល ២.៦៧៥៧ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើមិនប្រយ័ត្នក៏បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹងបណ្តាលឲ្យបាក់ចំនួន២កង់ ខ្ទាតទៅផ្លូវម្ខាងទៀត ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស ខូចខាតតែរថយន្តបង្កនិងរបាំងថ្មបាក់ចំនួន០២កង់តែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ច ជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕