កម្ពុជា នឹងជំរុញការនាំចេញជ្រូករស់ទៅកាន់ប្រទេសវៀតណាម
អត្ថបទ៖ជួន បូណា និងរូប
ភ្នំពេញ៖ កម្ពុជា នឹងជំរុញការនាំចេញជ្រូករស់ទៅកាន់ប្រទេសវៀតណាម ដើម្បីលើកកម្ពស់ថ្លៃ និងលើកស្ទួយសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ និងសងម្គមជាតិ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វជ្រូកនៅកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២៣ នេះថា ការជំរុញការនាំចូលជ្រូករស់របស់កម្ពុជាចូលទៅវៀតណាមនេះ បន្ទាប់ពីតម្លៃជ្រូករស់នៅប្រទេសវៀតណាម កំពុងមានសម្ទុះងើបឡើង ក្នុងនោះដើម្បីជួយដល់កសិករ បច្ចុប្បន្នក្រសួងស្ថាប័នពាក់ព័ន្ធកំពុងជួយសម្រួលលើបញ្ហាទាំងនេះ ដើម្បីជំរុញការនាំចេញជ្រូករស់ទៅកាន់ប្រទេសវៀតណាម។
លោក ស្រ៊ុន ពៅ បានបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាបានធ្វើការផ្គត់ផ្គង់ជ្រូករស់ និងសាច់ជ្រូកនៅលើទីផ្សារ នាប៉ុន្មានឆ្នាំចុងក្រោយ បានឆ្លើយតបតាមតម្រូវការទីផ្សារ បានគ្រប់គ្រាន់ ដោយកម្ពុជាលែងមានការនាំជ្រូករស់ចូលពីប្រទេសជិតខាងទៀតហើយ ស្របពេលការចិញ្ចឹមជ្រូកក្នុងស្រុកមានការរីកចម្រើន និងមានកសិដ្ឋានតូច-ធំ ជាច្រើនបានដំណើរលើផលិតកម្មផ្នែកនេះ។
ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ បានបញ្ជាក់ថា ថ្មីៗនេះ ជុំវិញការនាំចេញជ្រូករស់ទៅប្រទេសវៀតណាមនេះ, កសិករអ្នកចិញ្ចឹមជ្រូក ក៏ដូចប្រជាពលរដ្ឋមួយចំនួន មានការយល់ច្រឡំ អំពីការនាំជ្រូកពីប្រទេសជិតខាងចូលមកកម្ពុជា ។ ចំពោះបញ្ហាទាំងនេះ គឺក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា គឺបានអនុញ្ញាត ឲ្យក្រុមហ៊ុននាំចេញជ្រូកពីប្រទេសថៃ ឆ្លងកាត់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដោយមិនមែននាំចូលទីផ្សារកម្ពុជានោះទេ៕