ក្រមាត្បាញដោយដៃនៅតែទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់
ម៉ឹង កុសល (០២ ០៨ ២០២៣)
សិប្បកម្មតម្បាញក្រមាពីសសៃសូត្រ និងសសៃអំបោះមួយកន្លែងក្នុងខេត្តសៀមរាប បានចូលរួមចំណែកលើកកម្ពស់ផលិតផលត្បាញដោយដៃ មានភាពស្រស់ស្អាត ប្រណិត គុណភាពល្អ ថែមទាំងផ្តល់ឱកាសការងារសម្រាប់ស្ត្រីនៅក្បែរនោះផងដែរ។
អ្នកស្រី តាន់ សុធារី ម្ចាស់សិប្បកម្មតម្បាញសួស្តី មានទីតាំងក្នុងភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បានឱ្យដឹងថា សិប្បកម្មនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣មក ដោយអ្នកស្រី និងមិត្តភ័ក្រ្តម្នាក់ទៀត។ ក្នុងគោលដៅចម្បងចូលរួមចំណែកលើកកម្ពស់ផលិតផលតម្បាញដោយដៃ ឱ្យមានការទទួលស្គាល់កាន់តែច្រើន។ អ្នកស្រីបន្តថា សិប្បកម្មអ្នកស្រីមាន
ត្បាញក្រមា ឬក្រណាត់ពីសសៃសូត្រ និងសសៃអំបោះ បន្ទាប់មកក៏យកមកកែច្នៃ ទៅជាផលិតផលជាច្រើនមុខទៀតមានភួយ សម្លៀកបំពាក់ កាបូប ស្រោមខ្នើយ និងវត្ថុអនុស្សាវរីយមួយចំនួនទៀត ដើម្បីយកមកលក់ក្នុងហាងមួយកន្លែង ស្ថិតនៅផ្សារកណ្តាល ក្នុងក្រុងសៀមរាប ឈ្មោះថា ហាងសួស្តី។ អ្នកស្រី តាន់ សុធារី បន្តទៀតថា ផលិតផលតម្បាញពីសសៃសូត្រ និងសសៃអំបោះរបស់សិប្បកម្មអ្នកស្រីតែងតែទទួលបានការកោតសសើរពីសំណាក់អ្នកប្រើប្រាស់ និងអ្នកបានស្គាល់នានា ដោយសារជាផលិតផលត្បាញដោយដៃសុទ្ធសាធ មានភាពប្រណិត រចនាដោយក្បាច់គោមយ៉ាងស្រស់ស្អាត មានគុណភាពល្អ ខណៈ បច្ចុប្បន្នមានការនិយមប្រើប្រាស់ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសជាហូរហែរ។
សូមជម្រាបថា សិប្បកម្មតម្បាញសួស្តី មិនត្រឹមត្រឹមតែបានចូលរួមចំណែកលើកស្ទួយផលិតតម្បាញក្នុងស្រុកឱ្យមានការទទួលស្គាល់ប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ការងារដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសស្ត្រីក្នុងសហគមន៍ ដែលគាត់ចេះជំនាញត្បាញខ្លះៗពីមុនមក។ មកដល់បច្ចុប្បន្នសិប្បកម្មនេះ បានចុះធ្វើការជាមួយប្រជាសហគមន៍ប្រមាណជិត១០០គ្រួសារ មានក្នុងខេត្តសៀមរាបពីរកន្លែង ស្ថិតក្នុងស្រុកពួក និងស្រុកក្រឡាញ់ ស្រុកខ្លះនៃខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងព្រះវិហារជាដើម ដែលជាកន្លែងប្រមូលផ្តុំដោយអ្នកតម្បាញមានស្នាដៃជាច្រើនឆ្នាំ៕