សម្ដេចក្រឡាហោម ស ខេង ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនអាចប្រទេសណាមួយធ្វើតែឯងបានឡើយ
ខេត្តបាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងបានថ្លែងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនអាចប្រទេសណាមួយធ្វើតែឯងបានឡើយ ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការយ៉ាងម៉ឹងម៉ាត់ជាមួយបណ្ដាប្រទេសជាប់ព្រំដែន ខណៈកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងទៅនឹងគ្រឿងញៀន ដោយក្នុងរយៈពេល៥ឆ្នាំចុងក្រោយ សមត្ថកិច្ចបានធ្វើការបង្ក្រាប និងរឹបអូសនូវសារធាតុញៀនបានយ៉ាងច្រើន និងរាប់រយតោន ។
សម្តេចបានថ្លែងដូចនេះកាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ក្នុងឧកាលដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
សម្ដេចថ្លែងបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសជាប់ព្រំដែនគ្នានេះ ពិតជាមានសារៈសំខាន់ជាគន្លឹះ ហើយក៏ជាគោលការណ៍អន្ដរជាតិដែលអង្គការសហប្រជាជាតិបានដាក់ចេញ ព្រោះកម្ពុជា ជាសមាជិកនៃអង្គការសហប្រជាជាតិ ខណៈអង្គការនេះមានយុទ្ធនាការមួយដើម្បីដឹកនាំចាត់ចែង និងសម្របសម្រួល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងទាំងអស់របស់រដ្ឋបាលខេត្ត ស្រុក ឃុំ ក៏ដូចជា មន្ដ្រីរាជការគ្រប់ផ្នែក នៅក្នុងខេត្តបាតដំបងទាំងមូល ដែលបានរួមគ្នាជាមួយប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍ ក្នុងការថែរក្សានូវសន្ដិសុខ ស្ថិរភាព ក៏ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យខេត្តបាត់ដំបង កាន់តែមានការរីកចម្រើនបន្ថែមទៀត។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតក្នុងស្រុករតនមណ្ឌលនេះ សាងសង់ឡើងលើផ្ទៃដីទំហំ១៥ហិកតា មានអគារស្នាក់នៅរួមចំនួន២ខ្នង អគារមានបន្ទប់ដាច់ដោយឡែកចំនួន២៣បន្ទប់ អាចទទួលអតិថិជនអ្នកញៀនគ្រឿងញៀនស្នាក់នៅបានចំនួន៤០០នាក់ទៅ៥០០នាក់៕