ភ្នំពេញ៖ អនាគតនាយករដ្ឋមន្រ្ដីកម្ពុជា នាអាណត្តិទី៧ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងនូវទស្សនៈមួយក្នុងការដឹកនាំថា «ត្រឹមមានគំនិតនិងឆន្ទៈមិនគ្រប់គ្រាន់ទេ បើយើងមិនធ្វើ ឬមិនហ៊ានធ្វើ»។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមនាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ដោយឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា៖ «ធ្វើកិច្ចការអ្វីមួយ យើងត្រូវផ្តល់តម្លៃទៅលើលទ្ធផលជាក់ស្តែង លទ្ធផលទោះជាតូច ឬតិចយ៉ាងណា ដែលកើតចេញពីការធ្វើសកម្មភាពជាក់ស្ដែង គឺនៅតែប្រសើរជាងការត្រឹមតែបញ្ចេញនូវមតិឬគំនិតធំៗ ឬត្រឹមតែការសម្ដែងនូវឆន្ទៈមោះមុតក្នុងការធ្វើ ប៉ុន្តែមិនធ្វើ ឬមិនហ៊ានធ្វើអ្វីសោះ»។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលការអប់រំទូទៅនៅភ្នំពេញ ហើយក្រោយមកបានចូលបម្រើកងទ័ពនៅឆ្នាំ១៩៩៥ ក្នុងឆ្នាំដដែលនោះ ឯកឧត្តមបានចូលរៀននៅសាលាយោធាសហរដ្ឋអាមេរិកនៅវ៉េសផនត៍ (West Point) ដោយបានទទួលសញ្ញាប័ត្រនៅឆ្នាំ១៩៩៩។ បន្ទាប់មក ឯកឧត្តមបណ្ឌិត បានក្លាយជាជនជាតិខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាដ៏ល្បីល្បាញមួយនេះ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានដឹកនាំទ័ពជើងគោកកម្ពុជាចាប់ពីខែកញ្ញា ឆ្នាំ២០១៨៕