អន្តរជាតិ៖សហរដ្ឋអាមេរិកនិងបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួនបានចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ពួកគេចេញពីប្រទេសនីហ្សេ ចំពេលមានចលាចលកើនឡើងនៅក្នុងរដ្ឋអាហ្វ្រិកខាងលិចនេះ។
អង្គភាពយោធាមួយបានធ្វើរដ្ឋប្រហារ ហើយបានបណ្តេញលោកប្រធានាធិបតី Mohamed Bazoum ដែលគាំទ្រលោកខាងលិចរបស់ប្រទេសនីហ្សេកាលពីសប្តាហ៍មុន។ មេដឹកនាំរដ្ឋប្រហារបានប្រកាសបង្កើតរដ្ឋាភិបាលយោធា។
ភាពចលាចលខាងនយោបាយបានបង្កឱ្យមានការតវ៉ាប្រឆាំងនឹងអតីតអ្នកិគ្រប់គ្រងអាណានិគមបារាំង។បាតុករបានបំផ្លាញស្ថានទូតបារាំងក្នុងរដ្ឋធានីNiamey។
ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានប្រកាសថាខ្លួនកំពុងបញ្ជាឱ្យបុគ្គលិករដ្ឋាភិបាលសហរដ្ឋអាមេរិកដែលមិនចាំបាច់និងសមាជិកគ្រួសារពួកគេចាកចេញជាបណ្តោះអាសន្នពីស្ថានទូតអាមេរិកនៅទីក្រុងNiamey។
បារាំង និងអ៊ីតាលីបានចាប់ផ្តើមដឹកពលរដ្ឋចេញពីប្រទេសនីហ្សេ។ មនុស្សជាង350 នាក់ត្រូវបានគេរាយការណ៍ថាបានមកដល់ប្រទេសបារាំង។ ប្រទេសជប៉ុនបាននិយាយថា ជនជាតិរបស់ខ្លួនពីរនាក់ក៏ត្រូវបានជម្លៀសចេញផងដែរ។
ប្លុកក្នុងតំបន់របស់អាហ្វ្រិកខាងលិចបានថ្កោលទោសរដ្ឋប្រហារនេះ។ សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS)បានព្រមានប្រើប្រាស់កម្លាំង លុះត្រាតែលោក Bazoum ត្រូវបានស្តារឡើងវិញនៅចុងសប្តាហ៍នេះ។ ប្រមុខយោធា ECOWAS បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃពុធ។
សូមជ្រាបថានីហ្សេទទួលបានអគ្គិសនីភាគច្រើនពីប្រទេសជិតខាងនីហ្សេរីយ៉ា។ នីហ្សេរីយ៉ា តាមសេចក្តីរាយការណ៍ បានកាត់បន្ថយការផ្គត់ផ្គង់ថាមពលរបស់ខ្លួន ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មប្រឆាំងនឹងរបបយោធា ដែលបណ្តាលឱ្យមានការដាច់ភ្លើងនៅក្នុងទីក្រុងធំៗក្នុងប្រទេសនីហ្សេ។
ប៉ុន្តែប្រទេសម៉ាលី និងបួគីណាហ្វាសូ ដែលជាប្រទេសជិតខាងរបស់នីហ្សេដែរនោះ កំពុងតែព្រមានថា អន្តរាគមន៍យោធាណាមួយនឹងស្មើនឹង “ការប្រកាសសង្រ្គាម” ប្រឆាំងនឹងពួកគេ។
ប្រទេសទាំងពីរត្រូវបានគ្រប់គ្រងដោយរបបយោធាដែលបានកាន់អំណាចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕