សម្តេចតេជោ ហ៊ុន សែន នៅតែជាប្រធានគណបក្សប្រជាជន ដោយមិនទាន់ចាកចេញពីនយោបាយនៅឡើយទេ បើទោះបីនាយករដ្ឋមន្ត្រីថ្មីសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតក៏ដោយ ប៉ុន្តែសម្ដេចតេជោមិនព្យាយាមជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីតាមក្រសួង-ស្ថាប័ន ឬការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលទាំងមូល នោះឡើយ ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (នៅរង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និង ផ្លូវខ្នែង ដែលមានប្រវែងជិត៥៣គីឡូម៉ែត្រ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ សម្តេចអគ្គមហា
សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បានមានប្រសាសន៍ថា កាលពីសម្ដេចតេជោ ធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺសម្ដេចមិនមែនជាប្រធានគណបក្ស និងមិនមែនជាអគ្គលេខាធិការបក្សនោះទេ គឺសម្ដេចជាសមាជិកការិយាល័យនយោបាយ ប៉ុន្តែអំឡុងពេលចរចាគឺត្រូវផ្តល់អំណាចទៅឱ្យសម្ដេច ដោយមិនមានការលូកលាន់ឬជ្រៀតជ្រែកការងារនោះឡើយ ។ សម្តេចតេជោ បានបន្តថា ដោយមានបទពិសោធន៍
ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី ដោយមិនមែនជាប្រធានគណបក្ស គឺសម្ដេចនឹងធ្វើឱ្យអ្នកបន្តវេន ទទួលបាននូវភាពឯករាជ្យក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ដោយមិនជ្រៀតជ្រែកនោះឡើយ ប៉ុន្តែចំពោះការសម្រេចចិត្តយ៉ាងណាក៏ដោយ គឺកុំឱ្យខុសពីគោលនយោបាយរបស់គណបក្ស ដែលបានដាក់ការសន្យាចំពោះម្ចាស់សន្លឹកឆ្នោត ដោយត្រូវច្នៃប្រឌិតយកទៅអនុវត្តនិងដឹកនាំឱ្យកាន់តែជឿនលឿន ៕