រដ្ឋបាលខេត្តពោធិ៍សាត់បញ្ជាក់ថា នៅពេលវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានដាក់អោយដំណើរការ នឹងផ្តល់អត្ថប្រយោជន៍ចំនួន៥ចំណុចសំខាន់ គឺផ្ដល់នូវថាមពលអគ្គិសនី ជាអាងស្តុកទឹកសម្រាប់ស្រោចស្រព្វលើវិស័យកសិកម្ម ជាកន្លែងទេសចរណ៍ ពិសេសទប់ទឹកមិនឱ្យលិចខេត្តពោធិ៍សាត់ ។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ និងរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍ខេត្តឲ្យកាន់តែរីកចម្រើន ពិសេសនិងផ្ដល់ទឹកគ្រប់គ្រាន់សម្រាប់វិស័យកសិកម្មនៅក្នុងខេត្តពោធិ៍សាត់ ។ ឯកឧត្តមបន្តថា វារីអគ្គិសនីស្ទឹងពោធិ៍សាត់១មានចំណុចពិសេស ច្រើនយ៉ាងក្នុងការជួយទៅដល់សេដ្ឋកិច្ចខេត្តទាំងមូល ធ្វើឲ្យខេត្តមួយនេះក្លាយទៅជាខេត្តមានប្រភពទឹកគ្រប់គ្រាន់ប្រើប្រាស់ទប់ទឹកជំនន់មិនឲ្យជនលិចខេត្ត មានអគ្គិសនីប្រើប្រាស់ឯករាជ្យមិនពិបាកទិញពីប្រទេសជិតខាងជាដើម។ល។ ឯកឧត្តមបានបញ្ជាក់ថា វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ដែលមានអនុភាព ៨០មេហ្គាវ៉ាត់ (MW) ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង គ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦ខាងមុខហើយ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគម្រោងវារីអគ្គិសនីទី២របស់ខេត្តពោធិ៍សាត់ បន្ទាប់ពីគម្រោងវារីអគ្គសនីទី១ គឺវារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអនុភាព ១២០មេហ្គាវ៉ាត់(MW) កំពុងដំណើរការប្រើប្រាស់ក្នុងខេត្តពោធិ៍សាត់ហើយចំណាយថវិកាតិចជាងការទិញថាមពលពីក្រៅប្រទេស៕