អន្តរជាតិ៖ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានហៅសន្និសីទអន្តរជាតិស្តីពីសំណើសន្តិភាពរបស់ប្រទេសរយៈពេល២ថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យថ្មីៗនេះថា “មានផលិតភាពខ្ពស់ “។
មន្ត្រីជាន់ខ្ពស់នៃប្រទេស និងអង្គការអន្តរជាតិជាង ៤០បានចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។
ក្រុមប្រទេសG7 ក៏ដូចជាប្រទេសឥណ្ឌា ប្រេស៊ីល ចិននិងបណ្ដាប្រទេសGlobal South ផ្សេងទៀតស្ថិតក្នុងចំណោមប្រទេសដែលបានចូលរួមក្នុងកិច្ចប្រជុំខាងដើមនេះ។
ពួកគេបានពិភាក្សាអំពីសំណើសន្តិភាព ១០ ចំណុចរបស់អ៊ុយក្រែន ដែលរួមមានទាំងការដកកងកម្លាំងរុស្ស៊ី និងការប្រគល់ទឹកដីអ៊ុយក្រែនដែលបាត់បង់មកវិញផងដែរ។
សូមជ្រាបថាកិច្ចប្រជុំលើកលើកដំបូងបានធ្វើឡើងនៅក្នុងខែមិថុនាខណៈអ្នកចូលរួមកិច្ចប្រជុំលើកទីពីរនេះមានចំនួនខ្ពស់ជាង៣ដងធៀបនឹងជំនួបលើកដំបូង។
ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាចំនួនអ្នកចូលរួមកើនឡើង”បង្ហាញពីចំណាប់អារម្មណ៍កាន់តែខ្លាំងរបស់ពិភពលោកក្នុងការបង្កើតសន្តិភាពប្រកបដោយនិរន្តរភាព និងយូរអង្វែង”។
ការិយាល័យដដែលបានបន្ថែមថា “អ្នកចូលរួមទាំងអស់បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសពួកគេចំពោះគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងការគោរពចំពោះអធិបតេយ្យភាព និងភាពមិនអាចរំលោភបាននៃបូរណភាពទឹកដីនៃរដ្ឋនានា”។
លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានការពិគ្រោះប្រកបដោយផលិតភាពខ្ពស់លើគោលការណ៍សំខាន់ៗដែលសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងគួរតែត្រូវបានកសាងឡើង”។
ទន្ទឹមនឹងនេះដែរ លោក Vladimir Saldo ដែលជាមន្ត្រីគាំទ្ររុស្ស៊ីនៅតំបន់ Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យថាស្ពានដ៏សំខាន់មួយតភ្ជាប់រវាងតំបន់ Kherson និង Crimea ត្រូវបានវាយប្រហារដោយមីស៊ីល។
ស្ពាននេះតភ្ជាប់ផ្នែកដែលគ្រប់គ្រងដោយរុស្ស៊ីនៃតំបន់ Kherson និង Crimea ដែលរុស្ស៊ីបានបញ្ចូលជាឯកតោភាគីក្នុងឆ្នាំ២០១៤។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក៏បានចោទប្រកាន់កងកម្លាំងរុស្ស៊ី ពីការទម្លាក់គ្រាប់បែកលើមជ្ឈមណ្ឌលផ្តល់ឈាម ក្នុងតំបន់ Kharkiv ភាគខាងកើតអ៊ុយក្រែន ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់៕