អន្តរជាតិ៖បើតាមការអោយដឹងពីអាជ្ញាធរក្នុងតំបន់រថភ្លើងដឹកអ្នកដំណើរមួយគ្រឿងបានក្រឡាប់នៅភាគខាងត្បូងប្រទេសប៉ាគីស្ថានដែលបណ្ដាលឱ្យមនុស្សយ៉ាងតិច៣០នាក់ បានស្លាប់បាត់បង់ជីវិត។
ប្រភពខាងលើបានបន្តថាឧបទ្ទត្តិវហេតុនេះបានកើតឡើងកាលពីថ្ងៃអាទិត្យ នៅពេលដែលរថភ្លើងកំពុងធ្វើដំណើរចេញពីទីក្រុង Karachi ក្នុងខេត្ត Sindhឆ្ពោះទៅភាគខាងជើងប្រទេសដោយមានអ្នកដំណើរសរុបប្រមាណ ១ពាន់នាក់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាទូរថភ្លើងចំនួន១០ទូបានរត់ធ្លាក់ផ្លូវ និងមួយចំនួនទៀតបានក្រឡាប់ហើយមនុស្សជាង ៨០នាក់បានរងរបួស។
វីដេអូដែលថតបាននៅកន្លែងកើតហេតុបង្ហាញពីហ្វូងមនុស្ស ដែលព្យាយាមជួយអ្នកដំណើរចេញពីទូរថភ្លើងបែកបាក់។
អាជ្ញាធរកំពុងស៊ើបអង្កេតលម្អិតអំពីឧបទ្ទវហេតុខាងលើនេះ។
គូសបញ្ជាក់ថា ឧបទ្ទវហេតុពាក់ព័ន្ធនឹងរថភ្លើងបានកើតឡើងជាញឹកញាប់នៅក្នុងប្រទេសនេះ ដោយសារតែប្រព័ន្ធផ្លូវរថភ្លើងដែលមានវ័យចំណាស់ និងកត្តាផ្សេងៗទៀត៕