បុរសម្នាក់បានស្លាប់ បន្ទាប់ពីជីម៉ូតូបុករថយន្ត១គ្រឿងពេញទំហឹង នៅបាក់ខែង
ដោយ រតនា
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត១គ្រឿង ស៊ីញ៉ូបត់ឆ្លងផ្លូវ ត្រូវម៉ូតូបុកពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។
ទីតាំងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ចន្លោះស្ពានលេខ៩និង១០ ស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលកាប់សាច់ជ្រូកនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានឃើញរថយន្តព្រូស ពណ៌ស១គ្រឿង មិនចាំស្លាកលេខ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅពីត្បូងទៅជើង។ ភ្លាមៗនោះគេបានឃើញបុរសម្នាក់វ័យ២៦ឆ្នាំ ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ដែលមានស្លាកលេខកណ្តាល 1AO-5748 ធ្វើដំណើរក្នុងល្បឿនលឿន ស្របទិសពីក្រោយរថយន្តខាងលើ។
អ្នកឃើញហេតុការណ៍បានបន្តថា៖ លុះមកដល់ចំណុចកើតហេតុ រថយន្តបានឈប់រួចស៊ីញ៉ូបត់ ដោយសារតែមិនប្រុងប្រយ័ត្នស៊ីញ៉ូភ្លាមបត់ភ្លាម ធ្វើអោយភាគីខាងម៉ូតូចាប់ហ្វ្រាំងមិនទាន់ បុកផ្ទប់ពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗ ចំណែករថយន្តបង្កបានបើកគេចខ្លួនបាត់តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើកំណត់ហេតុ និងហៅសមត្ថកិច្ចជំនាញដើម្បីចុះមកធ្វើការវាស់វែង និងយកម៉ូតូជនរងគ្រោះដែលបានស្លាប់ ទៅរក្សាទុករង់ចាំក្រុមគ្រួសារមកទទួលដើម្បីទទួលបណ្តឹង ចំណែកសពជនរងគ្រោះ ត្រូវបានក្រុមគ្រូពេទ្យធ្វើការរុំថង់បិតជិត ប្រគល់ជូនក្រុមគ្រួសារសព ដែើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណីផងដែរ៕