រថក្រោះទំនើបៗរបស់អាល្លឺម៉ង់ នៅមិនទាន់ទៅដល់អ៊ុយក្រែន តាមក្រុងប៊ែរឡាំងសន្យា
រដ្ឋធានីប៊ែរឡាំង៖ រហូតមកដល់ពេលនេះ អាល្លឺម៉ង់ ទើបនឹងបានប្រគល់រថក្រោះដ៏ទំនើបរបស់ខ្លួន ចំនួន១០ភាគរយប៉ុណ្ណោះ តាមអ្វីដែលក្រុងប៊ែរឡាំង បានសន្យា ផ្ដល់ទៅឲ្យប្រទេសអ៊ុយក្រែន ដែលជាផ្នែកមួយ នៃជំនួយយោធា មានទំហំទឹកប្រាក់៣ពាន់លានដុល្លារ។
សារព័ត៌មាន Insider បានចេញផ្សាយ នៅថ្ងៃចន្ទ ទី៧ ខែសីហា ថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលអាល្លឺម៉ង់ ទើបតែបញ្ចេញរថក្រោះ Leopard 1 ចំនួន១០ភាគរយប៉ុណ្ណោះ នៅក្នុងចំណោមរថក្រោះដ៏ទំនើបប្រភេទនេះជាង១០០គ្រឿង បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ខណៈប្រទេសមហាសេដ្ឋកិច្ចលេខ១ នៅតំបន់អឺរ៉ុបមួយនេះ បានសន្យាផ្ដល់រថក្រោះ ដល់រដ្ឋាភិបាលក្រុងកៀវ តាមកិច្ចព្រមព្រៀងជំនួយយោធា កាលពីអំឡុងខែឧសភា ដោយមានទំហំទឹកប្រាក់៣ពាន់លានដុល្លារអាមេរិក។
សារព័ត៌មានរបស់អាល្លឺម៉ង់ Die Welt បានរាយការណ៍ ថា អាល្លឺម៉ង់ បានសន្យា ផ្ដល់រថក្រោះ Leopard 1 ចំនួន១១០គ្រឿង ជួយដល់រដ្ឋាភិបាលក្រុងកៀវ។ ប៉ុន្ដែគិតត្រឹមពេលនេះ រដ្ឋាភិបាលក្រុងប៊ែរឡាំង ទើបតែបានបញ្ជូនរថក្រោះរបស់ខ្លួន ចំនួន១០ភាគរយប៉ុណ្ណោះ ទៅកាន់ដល់ទឹកដីរបស់អ៊ុយក្រែន។
ប្រទេសអាល្លឺម៉ង់ ជាមហាអំណាចសេដ្ឋកិច្ចលេខ១របស់អឺរ៉ុប បានប្រកាស អំពីកញ្ចប់ជំនួយយោធារបស់ខ្លួន មានទំហំទឹកប្រាក់៣ពាន់លានដុល្លារ ជួយដល់រដ្ឋាភិបាលក្រុងកៀវ នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី ( Volodymyr Zelenskyy) កាលពីដើមឆ្នាំ២០២៣ នៅក្នុងរដ្ឋធានីប៊ែរឡាំង។
សេចក្ដីរាយការណ៍ដដែល បានរកឃើញ ថា នៅក្នុងរយៈពេលពីរខែចុងក្រោយនេះ រដ្ឋាភិបាលក្រុងប៊ែរឡាំង បានបញ្ជូនរថចម្បាំង ត្រឹមតែ១០ភាគរយប៉ុណ្ណោះ នៅក្នុងចំណោមរថក្រោះ Leopard 1 ចំនួន១១០គ្រឿង ហើយរថក្រោះប្រឆាំងនឹងយន្ដហោះចំនួន១២គ្រឿង ក្នុងចំណោមរថក្រោះ ប្រភេទ Gepard ចំនួន១៨គ្រឿង តាមអ្វីដែលមេដឹកនាំរបស់អាល្លឺម៉ង់ បានសន្យា។
បើទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អាល្លឺម៉ង់ ក៏នៅមិនទាន់បានប្រគល់ប្រព័ន្ធការពារដែនអាកាស IRIS-T ទាំង៤គ្រឿង ដែលអ្វីបានសន្យា ជួយដល់អ៊ុយក្រែន ក៏ដូចជា ការប្រគល់រថពាសដែក Marder ចំនួន២០គ្រឿង ខណៈទើបនឹងបញ្ជូនគ្រាប់កាំភ្លើងធំ ប្រហែល ៨៥០គ្រាប់ នៅក្នុងចំណោមគ្រាប់កាំភ្លើងផ្លោង ទំហំ១៥៥មិល្លីម៉ែត្រ ចំនួន ២៦ ៣៥០គ្រាប់ ដែលបានសន្យាត្រូវបានប្រគល់ជូន។ កញ្ចប់ជំនួយយោធារបស់អាល្លឺម៉ង់ ក៏រួមបញ្ចូលទាំងយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន រាប់រយគ្រឿង រ៉ាដាឃ្លាំមើលអាកាស នាវាដឹកប្រេង រថយន្តសង្គ្រោះ និង រថយន្តដឹកទំនិញធុនធ្ងន់ ផងដែរ។
ប្រទេសអាល្លឺម៉ង់ ក្រោយពេលរងសម្ពាធ អស់រយៈពេលជាច្រើនខែរួចមក ទើបនៅទីបំផុត កាលពីដើមឆ្នាំ២០២៣ បានយល់ព្រមបញ្ជូនរថក្រោះ Leopard 1 ចំនួន៨៨គ្រឿង និង រថក្រោះ Leopard 2 ប្រហែល៨០គ្រឿង ទៅកាន់ប្រទេសអ៊ុយក្រែន។ ប៉ុន្ដែចំនួនរថក្រោះតាមការសន្យារបស់អាល្លឺម៉ង់ នៅមិនទាន់បានទៅដល់អ៊ុយក្រែន ទាំងអស់នៅឡើយ ស្របពេលរដ្ឋាភិបាលក្រុងកៀវ កំពុងតែបង្កើនយុទ្ធនាការ វាយបកទៅលើកម្លាំងទាហានរបស់រុស្ស៊ី រំដោះទឹកដីរបស់ខ្លួន ត្រឡប់មកវិញ៕