អន្តរជាតិ៖ប្រទេសចិន និងសហភាពអឺរ៉ុបបានព្រមព្រៀងរួមគ្នារៀបចំសម្រាប់កិច្ចប្រជុំកំពូលចិន-សហភាពអឺរ៉ុបនៅចុងឆ្នាំនេះ។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បានឈានដល់កិច្ចព្រមព្រៀងក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ។
ក្រសួងការបរទេសចិនបាននិយាយថា អ្នកទាំងពីរក៏បានព្រមព្រៀងគ្នាដែរថា លោក Borrell នឹងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងរដូវស្លឹកឈើជ្រុះនេះ ដើម្បីរៀបចំកិច្ចសន្ទនាជាយុទ្ធសាស្ត្រ។
លោក Borrell តាមសេចក្តីរាយការណ៍បានប្រាប់លោក Wang ថាលោកទន្ទឹងរង់ចាំដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនដើម្បីរៀបចំសម្រាប់កិច្ចប្រជុំកំពូល និងជំរុញទំនាក់ទំនង EU-ចិនបន្ថែមទៀត។
ក្រសួងក៏បាននិយាយដែរថា លោក Borrell បានសង្កត់ធ្ងន់លើលក្ខណៈបំពេញបន្ថែមនៃយុទ្ធសាស្ត្រច្រកទ្វារសកលរបស់សហភាពអឺរ៉ុប និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលមានគោលបំណងបង្កើតតំបន់សេដ្ឋកិច្ចដ៏ធំមួយ។
សហភាពអឺរ៉ុបបានប្រកាសយុទ្ធសាស្រ្តច្រកទ្វារសកលនៅឆ្នាំ 2021 ដើម្បីវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅខាងក្រៅប្លុក។ ខ្លួនគ្រោងនឹងកៀរគរការវិនិយោគរហូតដល់ ៣០០ ពាន់លានអឺរ៉ូឬប្រហែល ៣៣០ ពាន់លានដុល្លារ។
បណ្តាប្រទេសនៅអឺរ៉ុបកំពុងមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។ រដ្ឋបាលរបស់នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាដកខ្លួនចេញពីផែនការនេះវិញ។
ជាការពិតណាស់ ប្រទេសចិនមានបំណងរក្សាទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុបឱ្យនៅដដែល ខណៈដែលទីក្រុងប៉េកាំងមានជម្លោះជាមួយសហរដ្ឋអាមេរិកលើបញ្ហាផ្សេងៗ៕