កម្ពុជាលក់អង្ករទៅក្រៅប្រទេសបាន ២៥៣លានដុល្លារ ក្នុងរយៈពេល៧ខែ
អត្ថបទ៖ជួន បូណា និងរូប
ភ្នំពេញ៖កម្ពុជាលក់អង្ករទៅក្រៅប្រទេសបាន ២៥៣លានដុល្លារសហរដ្ឋអាម៉េរិក ក្នុងចំនួនជាង ៣៦ម៉ឺនតោន ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣នេះ ។
យោងតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុននាំចេញចំនួន ៥២ក្រុមហ៊ុន បាននាំចេញអង្ករទៅកាន់គោលដៅចំនួន៥២ ដែលក្នុងនោះ ប្រទេសចិន និងតំបន់ស្វយ័តបានចំនួនជាង ១៤ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួន ៩០លានដុល្លារ។
ចំណែកការនាំចេញអង្ករទៅទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ប្រទេស បានចំនួនជាង ១៤ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១០០ លានដុល្លារ, ទៅកាន់ ៤ប្រទេសសមាជិអាស៊ាន ចំនួនជាង ៣ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ២០លានដុល្លារ, ទៅកាន់ ២២ប្រទេសផ្សេងៗទៀត បានចំនួនជិត ៥ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួន ៤២លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ចំពោះប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២.២៩% អង្ករសចំនួន ១២.៦៣% អង្ករចំហ៊ុយ ៣.៣៦ % អង្ករសរីរាង្គចំនួន ១.៧១% និង អង្ករសគ្រាប់ខ្លីចំនួន ០.០២%។
កម្ពុជាក៏បាននាំចេញស្រូវចំនួនជាង ២,៥លានតោន ដែលគិតជាទឹកប្រាក់បានចំនួនជាង ៦៦៣ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៦០% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕