អន្តរជាតិ៖រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និយាយថា ប្រទេសរបស់លោកមានបំណងពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ចជាមួយរុស្ស៊ី ខណៈដែលប្រទេសទាំងពីរកំពុងប្រឈមមុខនឹងទណ្ឌកម្មរបស់លោកខាងលិច។
លោកHossein Amir-Abdollahianបានជួបអ្នកយកព័ត៌មាននៅស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងតូក្យូកាលពីថ្ងៃចន្ទ។
លោកបានហៅរុស្ស៊ីថាជាប្រទេសជិតខាងដ៏សំខាន់ ហើយបាននិយាយថា ប្រទេសទាំងពីរបាននិងកំពុងសហការគ្នាក្នុងវិស័យផ្សេងៗរួមមានពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍។
រដ្ឋមន្ត្រីរូបនេះបានច្រានចោលការចោទប្រកាន់ថា អ៊ីរ៉ង់កំពុងផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី ដើម្បីជួយឈ្លានពានអ៊ុយក្រែន។ លោកបានទទូចថា ប្រទេសរបស់លោកមិនដែលផ្តល់ឲ្យរុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើក ឬអាវុធដែលផលិតដោយអ៊ីរ៉ង់នោះទេ។
លោកក៏បានអះអាងដែរថា សព្វាវុធដែលផ្គត់ផ្គង់ដល់អ៊ុយក្រែនដោយសហរដ្ឋអាមេរិក និងប្រជាជាតិអឺរ៉ុបកំពុងបង្កការសម្លាប់និងការបំផ្លិចបំផ្លាញបន្ថែមទៀត។
កាលពីខែមុន ក្របខណ្ឌសន្តិសុខ និងសេដ្ឋកិច្ចដឹកនាំដោយចិន និងរុស្ស៊ី ដែលគេស្គាល់ថាជាអង្គការសហប្រតិបត្តិការសៀងហៃ បានអនុម័តសមាជិកភាពពេញលេញរបស់អ៊ីរ៉ង់។
លោកAmir-Abdollahian បានបន្ថែមថាអ៊ីរ៉ង់កំពុងធ្វើការជាមួយប្រទេសចិនទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕