នគរបាលឃាត់ខ្លួនមនុស្ស០៤នាក់ពាក់ព័ន្ធនឹងករណីបើកល្បែងស៊ីសងខុសច្បាប់
ដោយ រតនា
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៤នាក់ពាក់ព័ន្ធករណីបើកទីតាំងកត់កន្ទុយលេខឆ្នោតវៀតណាមជាល្បែងខុសច្បាប់ ជ្រកក្រោមអាជីកម្មឆ្នោត យីហោ ម៉ូឌែន ឡូថូរី និងដកហូតវត្ថុតាងបានមួយចំនួន។
ប្រតិបត្តិការនេះបានធ្វើឡើងនៅ វេលាម៉ោង ៣និង៥០នាទី ល្ងាច ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ១២ ផ្លូវលេខ៩៣ ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មនុស្សចំនួន៤នាក់ដែលបានឃាត់ខ្លួនរួមមាន៖ទី១ ឈ្មោះ សួស ដានី ភេទស្រី អាយុ៥៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ៩៣ ភូមិ៦ សង្កាត់ស្រះចក ជាភ្នាក់ងារកត់ឆ្នោតវៀតណាម។ ទី២ ឈ្មោះ ឆន ចាន់គឿន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួល សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ (ជាបុគ្គលិកក្រុមហ៊ុនឆ្នោត ម៉ឌែន ឡូតូរី)។ ទី៣ ឈ្មោះ សុង ច័ន្ទណារត្ន័ ភេទស្រី អាយុ២១ ស្នាក់នៅផ្ទះលេខ២៧២ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ (ជាបុគ្គលិកក្រុមហ៊ុនឆ្នោត ម៉ឌែន ឡូតូរី)។ និងទី៤ ឈ្មោះ ទឹម លីតា ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ជាបុគ្គលិកក្រុមហ៊ុនឆ្នោត ម៉ឌែន ឡូតូរី)
តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនឈានដល់ការចុះបង្ក្រាបកម្លាំងជំនាញបានធ្វើការ ស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែងក្នុងករណី បេីកទីតាំងលេងល្បែងស៉ីសងខុសច្បាប់ ដោយប្រើម៉ាស៊ីនអេឡិចត្រូនិចកត់កន្ទុយលេខឆ្នោតវៀតណាម ជ្រកក្រោមអាជីកម្មឆ្នោត យីហោ ម៉ូឌែន ឡូថូរី។ ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងការប្រើប្រាស់សម្រាប់កត់កន្ទុយលេខឆ្នោតវៀតណាមនេះ រួមមាន ម៉ាស៉ីនអេឡិចត្រូនិចគ្មានម៉ាក ពណ៍ខ្មៅខៀវ សម្រាប់ភ្ជាប់ជាមួយទូរស័ព្ទដៃ ដេីម្បីចេញសន្លឹកឆ្នោតវៀតណាម ចំនួន០១គ្រឿង។ ម៉ាស៉ីនអេឡិចត្រូនិច ម៉ាកSUNMI V2S ពណ៍ទឹកក្រូចលាយខ្មៅសម្រាប់ចេញកន្ទុយសន្លឹកឆ្នោតវៀតណាមចំនួន០១គ្រឿង។ ម៉ាស៉ីនអេឡិចត្រូនិចម៉ាក MODERN LOTTERY ពណ៍ខៀវ សម្រាប់ចេញកន្ទុយសន្លឹកឆ្នោត ចំនួន០១ គ្រឿង។ និង
កន្ទុយសន្លឹកឆ្នោតវៀតណាមដែលចាក់រួច មួយចំនួន។
ក្រោយធ្វើការឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបាននាំខ្លួនមនុស្សទាំង០៤នាក់ទៅ អធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕