រថយន្តដឹកផ្លែឈើធុនធ្ងន់បើកធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ
ខេត្តបាត់ដំបង! រថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿងសង្ស័យអ្នកបើកបរងងុយដេកបានរ៉េចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ផ្ងារជើងចូលប្រឡាយរងការខូចខាតយ៉ាងដំណំដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្តាយផ្លូវហៃវេ ត្រង់ចំណុចភូមិស្វាយធំ ឃុំអូរដំបូង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក HYUNDAI ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង 3A -4879បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បានបើកបរដឹកផ្លែប័រ និង ផ្លែផាសិន ពេញរថយន្តក្នុងទិសដៅពីកើតទៅលិច គោលបំណងដើម្បីយកទៅលក់អោយឈ្មួញនៅប្រទេសថៃ លុះមកដល់ចំណុចកើតហេតុ ទំនងតៃកុងងក់មួយភាំង បានរ៉េចង្កូតធ្លាក់ផ្លូវជិត៥០ម៉ែត្របានក្រឡាប់ផ្ងារជើងចាក់ផ្លែឈើចោលពេញប្រឡាយរថយន្តរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបររងរបួសត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកចំណុចកើតហេតុខាងលើតែដោយសាររថយន្តក្រឡាប់ខ្លួនឯងនិងមិនបណ្តាលអោយខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋ ទើបសមត្ថកិច្ចអនុញ្ញាតអោយខាងក្រុមហ៊ុនឡានចាត់ចែងដោះស្រាយដោយខ្លួនឯង។