គណ:កម្មការរៀបចំការបោះឆ្នោតខេត្ត សៀមរាប រៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣
នៅសាលាខេត្តសៀមរាប នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ គណ:កម្មការរៀបចំការបោះឆ្នោតខេត្ត សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានបើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រណិតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត លោក នឹម វ៉ាន់ សំ ប្រធានគណ:កម្មការខេត្តរៀបចំការបោះឆ្នោត និងវត្តមានគណ:អភិបាលក្រុង ស្រុកទាំង១២ ថ្នាក់ដឹកនាំអង្គភាព មន្ទីរ ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកលោកស្រីមេឃុំចៅសង្កាត់ ស្មៀនឃុំសង្កាត់ តំណាងគណបក្សនយោបាយ អង្គការសមាគមព្រមទាំងសមាជិក សមាជិកាគណ:កម្មការខេត្តរៀមចំការបោះឆ្នោត បានចូលរួមសរុបប្រមាណជាង ២៧០នាក់។ អង្គសន្និបាតនេះធ្វើឡើងដើម្បីវាយតម្លៃ និងឆ្លុះបញ្ចាំងឱ្យឃើញពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមសម្រាប់ធ្វើការកែលម្អ និងទុកជាមេរៀនបទពិសោធនាពេលបោះឆ្នោតខាងមុខទៀត ដោយសំណូមពរដល់អង្គសន្និបាតធ្វើការពិភក្សាឱ្យល្អិតល្អន់អំពីបទពិសោធន៍ និងចំណុចគួរកែលម្អ តាមរយ:សកម្មភាពការងារដែលបានអនុវត្តកន្លងមក។
លោក នឹម វ៉ាន់សំ មានប្រសាសន៍ថា៖ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំដោយអនុលោមទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធី ការណែនាំរបស់គ.ជ.ប និងប្រក្រតិទិនសម្រាប់ការបោះឆ្នោត។ ជាទូទៅការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ត្រូវបានមតិជាតិ និងអន្តរជាតិវាយតម្លៃថាបានប្រព្រឹត្តិទៅក្នុងបរិយាកាសសន្តិភាព ស្ងប់ស្ងាត់ល្អ គ្មានអំពើហិង្សា ប្រកបដោយភាពរលូនតម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយត្រូវបានរៀបចំកាន់តែប្រសើរឡើងទាំងលើទិដ្ឋភាពច្បាប់ និងលើទិដ្ឋភាពបច្ចេកទេស បើប្រៀបធៀបទៅនឹងការបោះឆ្នោតមុនៗ។ លោក នឹម វ៉ាន់សំ បន្តថា៖ ជោគជ័យដែលសម្រេចបាននេះ គឺអាស្រ័យដោយមានការចូលរួមចំណេកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងអ្នកពាក់ព័ន្ឋដទៃទៀត ជាពិសេសប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករប្រកបដោយទឹកមុខរីរាយ និងគ្មានការភ័យខ្លាច។
ក្នុងនាមគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប លោក អ៊ឹងគឹមលាង អភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ចំពោះគណ:កម្មការរៀបចំការបោះឆ្នោតខេត្ត និងបានកោតសរសើរដោយស្មោះចំពោះគ្រប់ភាគីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្ត និងគោរពច្បាប់បោះឆ្នោត គោរពបទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ដែលធ្វើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អប្រសើរ ទាំងលើទិដ្ឋភាពច្បាប់ លើទិដ្ឋភាពបច្ចេកទេស ក្រោមបរិយាកាសសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរដោយគ្មានការគំរាមកំហែង និងគ្មានអំពើហិង្សានោះឡើយ។ លោក អ៊ឹង គឹមលាង មានប្រសាសន៍ថា៖ សមិទ្ធផលដែលសម្រេចបានខាងលើនេះ អាស្រ័យដោយយើងទាំងអស់គ្នា ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណ:កម្មការរៀបចំការបោះឆ្នោត គណបក្សនយោបាយ និងភាគីពាក់ព័ន្ឋទាំងអស់បានខិតខំធ្វើការកែលម្អដំណើរការបោះឆ្នោតទាំងក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌបច្ចេកទេស ដោយឈរលើមូលដ្ឋាននៃការប្រមែប្រមូលអនុសាសន៍ និងធាតុចូលគ្រប់មជ្ឈដ្ឋាន ដោយធ្វើការកែទម្រង់ ស្ថាប័នរៀបចំការបោះឆ្នោត ច្បាប់បោះឆ្នោត និងការរៀបចំបញ្ជីឆ្នោត។ លោក បន្ថែមថា៖ឆ្លងតាមការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំង ២១លើកកន្លងមកនេះ បានផ្តល់មេរៀនបទពិសោធជាច្រើនសម្រាប់យើងទាំងអស់គ្នា នោះគឺថា ការបោះឆ្នោត និងការអភិវឌ្ឍសង្គម ជាដំណើរការដែលមានទំនាក់ទំនងផ្សារភ្ជាប់ និងជះឥទ្ឋិពលឱ្យគ្នាទៅវិញទៅមក មិនអាចកាត់ផ្តាច់បានឡើយ សម្រាប់សេចក្តីថ្លៃថ្នូរ ភាពរុងរឿង និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម នៃប្រទេសជាតិ និងប្រជាជនយើង។
សូមបញ្ជាក់ថា៖ លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ សម្រាប់ខេត្តសៀមរាប មានគណបក្សនយោបាយក្នុងសន្លឹកឆ្នោតចំនួន ១៤គណបក្ស ខេត្តនេះមានអាសន:រដ្ឋសភាចំនួន ៦អាសន: ហើយមានតែគណបក្សតែមួយប៉ុណ្ណោះទទួលបានអាសន:រដ្ឋសភាទាំងអស់ ក្នុងមណ្ឌលខេត្តសៀមរាប គឺគណបក្សប្រជាជនកម្ពុជា៕ អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!! សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ។