អន្តរជាតិ៖រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកគឺជាដៃគូ “គួរឱ្យទុកចិត្ត និងមានឥទ្ធិពល” នៃប្លុក BRICS ។
លោកបានធ្វើការកត់សម្គាល់បែបនេះនៅចុងបញ្ចប់នៃសន្និសីទមួយក្រោមប្រធានបទ”អ៊ីរ៉ង់ និង BRICS: ទស្សនវិស័យសម្រាប់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ” នៅក្នុងរដ្ឋធានីតេហេរ៉ង់របស់អ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់។
រដ្ឋមន្ត្រីការបរទេសខាងលើរូបនេះបានសរសើរស្ថានភាពវិជ្ជមាននៃទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ជាមួយប្រទេស BRICS ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងចំណងសេដ្ឋកិច្ចក្នុងចំណោមភាគីទាំងអស់។
ដោយសំដៅទៅលើការចាប់អារម្មណ៍របស់អ៊ីរ៉ង់ក្នុងការក្លាយជាសមាជិកនៃក្រុមចម្រុះប្រទេសចំនួនប្រាំតាមរយៈលិខិតមួយកាលពីខែមិថុនា លោក Amir-Abdollahian បាននិយាយថាកិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់ និង BRICS បានចាប់ផ្តើមរួចហើយនៅក្នុងវិស័យជាក់លាក់មានដូចជាវិស័យថាមពល និងការដឹកជញ្ជូន។
លោកបានកត់សម្គាល់យ៉ាងដូច្នេះថា៖ “អ៊ីរ៉ង់ជាដៃគូដែលអាចទុកចិត្តបាន និងមានឥទ្ធិពលក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដោយសារទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ និងតែមួយគត់ ទុនបម្រុងថាមពលដ៏ធំ ជាពិសេសប្រេង និងឧស្ម័ន បណ្តាញដឹកជញ្ជូន និងការដឹកជញ្ជូនមានតំលៃថោក និងខ្លី កម្លាំងមនុស្សវ័យក្មេង និងអ្នកជំនាញ និងសមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប។”
គួរជ្រាបថាBRICS គឺជាពាក្យកាត់សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនធំៗចំនួនប្រាំ ដែលរួមមានប្រទេស ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង៕