អន្តរជាតិ៖មន្ទីរបញ្ចកោណបាននិយាយថា ខ្លួនមានការព្រួយបារម្ភអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងអាវុធរវាងកូរ៉េខាងជើង និងរុស្ស៊ី ខណៈដែលដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu កាលពីចុងខែមុនទៅកាន់ទីក្រុងព្យុងយ៉ាងអាចបង្ហាញពីការបង្កើនកិច្ចសហប្រតិបត្តិការយោធា។
យោងតាមអ្នកនាំពាក្យរងរបស់មន្ទីរបញ្ចកោណ Sabrina Singh នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយកាលពីថ្ងៃអង្គារ ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភថាកូរ៉េខាងជើងអាចនឹងកំពុងពិចារណាលក់គ្រាប់រំសេវទៅឱ្យរុស្ស៊ី។
លោកស្រីបានបន្ថែមថា កិច្ចព្រមព្រៀងសព្វាវុធណាមួយរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ នឹងបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោកស្រីក៏បានព្រមានផងដែរថា ប្រទេសណាដែលគ្រោងធ្វើកិច្ចព្រមព្រៀងអាវុធខុសច្បាប់ណាមួយជាមួយកូរ៉េខាងជើង នឹងប្រឈមមុខនឹងផលវិបាក៕