ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្តេជ្ញាជំរុញប្រព័ន្ធផ្សព្វផ្សាយឱ្យដើរតួនាទីសំខាន់ជាសំឡេងសម្រាប់ជាតិ និងជាអ្នកនាំសារជូនប្រជាពលរដ្ឋ។ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នាទីស្ដីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា វិស័យសារព័ត៌មាន ជាវិស័យអាទិភាព ដែលដើរតួនាទីសំខាន់ ជាសារនាំពាក្យ ជាអ្នកចែករំលែកចំណេះដឹងរបស់ប្រជាពលរដ្ឋ និងពិភពលោកហើយក៏មានតួនាទីសំខាន់ក្នុងការចូលរួមថែរក្សាការពារសន្តិភាព និងអភិវឌ្ឍន៍ឱ្យមានភាពរឹងមាំ និងរីកចំរើនជានិរន្តរ៍។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ដថា ក្រសួងព័ត៌មាននឹងបន្ដពង្រឹងពង្រីកខ្លួនដោយ ផ្លាស់ប្តូរពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថល, អភិវឌ្ឍន៍វិស័យព័ត៌មាន, បណ្តុះបណ្តាលវិជ្ជាជីវសារព័ត៌មាន និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយជាដើម ដើម្បីបម្រើឱ្យអ្នកអាន អ្នកស្ដាប់និងអ្នកទស្សនារបស់ខ្លួន ទទួលបាននូវព័ត៌មានពិត រហ័ស និងមានគុណភាព ឱ្យស្របតាមសម័យឌីជីថល។
ក្រសួងក៏បានធ្វើធ្វើទំនើបកម្មស្ថាប័ន សំដៅអគារ សម្ភារ សម្រាប់បំរើការងារប្រចាំថ្ងៃ និងទំនើបកម្មសមត្ថភាពរបស់មន្រ្តី និងអ្នកយកព័ត៌មាន ស្របតាមការផ្លាស់ប្តូរ និងការវិវត្តន៍របស់សង្គម ។ ឯកឧត្តមបន្តទៀតថា បច្ចុប្បន្នកំណើនអ្នកសារព័ត៌មានប្រជាជនច្រើន ដែលធ្វើឱ្យមានព័ត៌មានបំភ្លៃ មិនមានប្រភពច្បាស់លាស់បានកើនឡើង ដែលទាមទារឱ្យអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវ ត្រូវពង្រឹងសមត្ថភាព លឿន រហ័ស ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម។
សូមជម្រាបថា ក្រសួងព័ត៌មានធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ បើកជាផ្លូវការរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២៤នេះ គឺដើម្បីឱ្យថ្នាថ្នាក់ដឹកនាំ និងអគ្គនាយកនៃអគ្គនាយកដ្ឋានទាំង ៥ ចំណុះក្រសួងព័ត៌មានរួមមាន អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍, អគ្គនាយកដ្ឋានវិទ្យុជាតិ , អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា ធ្វើបទបង្ហាញដើម្បីពិនិត្យនិងវាយតម្លៃលើសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធល្អៗ ដើម្បីរិះរកដំណោះស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានានិងបានដាក់ចេញនូវទិសដៅការងារសម្រាប់ការអនុវត្តបន្តសំដៅលើកកម្ពស់វិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជាឱ្យកាន់ តែប្រសើរឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕