ភ្នំពេញ ៖ បុរសម្នាក់ ចងអង្រឹងដេកនៅលើកង់បី នៅមុខផ្ទះប្រជាពលរដ្ឋ អកុសលបែរជា ស្លាប់យ៉ាងអាណោចអាធ័ម ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង១០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ លើចិញ្ចើមផ្លូវលេខ១២៨ មុខហាងកែសម្ផស្សមួយកន្លែង ក្នុងភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ខាន់ សិ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូកង់បី ទីលំនៅភូមិធំ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្នាក់នៅលើម៉ូតូកង់បីតាមចិញ្ចើមផ្លូវ។
តាមប្រភពព័ត៏មានពីឈ្មោះ ឡុង ចិន ភេទប្រុស អាយុ៣៤ឆ្នាំ ជាអ្នករត់ម៉ូតូកង់បីបានឲ្យដឹងថា នៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ គាត់និងជនរងគ្រោះព្រមទាំងអ្នករត់ម៉ូតូកង់បីផ្សេងទៀតបានជជែកគ្នាលេង ហើយជនរងគ្រោះប្រាប់ថាមិនសូវស្រួលខ្លួន រួចក៏បានចងអង្រឹងដេកនៅក្នុងម៉ូតូកង់បីម៉ាក BAJAJ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IC 7132 ដែលចតនៅលើចិញ្ចើមផ្លូវលេខ១២៨ មុខហាងកែសម្ផស្សមួយកន្លែង ។ លុះនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ គាត់បានភ្ញាក់ពីដេក ហើយបានទៅដាស់ជនរងគ្រោះដើម្បីយកម៉ូតូកង់ចេញពីមុខផ្ទះគេ ទើបដឹងថាជនរងគ្រោះដេកស្លាប់នៅក្នុងអង្រឹងបាត់ទៅហើយ។
ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលជំនាញបច្ចេកទេសកោសល្យវិច័្ឆយ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យសាកសពយ៉ាងយកចិត្តទុកដាក់ ។ ជាក់ស្តែងបន្ទាប់ពីត្រួតពិនិត្យរួច សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា គឺស្លាប់ដោយគាំងបេះដូង និងប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕