ភ្នំពេញ៖ ក្រុមក្មេងទំនើងចំនួន៥នាក់ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួន ពាក់ព័ន្ធ ករណីបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១និង១០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ចំណុចមុខវត្តចំប៉ា តាមបណ្តោយផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរ លុះដល់វេលា ម៉ោង៣រសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលកោះ សហការជាមួយខណ្ឌ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះ បានចំនួន០៥នាក់ ក្នុងចំណោមបក្សពួកជិត៣០នាក់នោះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិ បានជិះម៉ូតូទៅផ្ទះ រួចស្រែកឡូឡាតាមផ្លូវ ក៏ជួបក្រុមក្មេងទំនើងប្រហែល ៣០នាក់ ជិះម៉ូតូប្រហែល ២០គ្រឿង រួចក្រុមនោះក៏នាំគ្នាយកដុំថ្មគប់ទៅលើជនរងគ្រោះ បណ្តាលឲ្យ រងរបួសហើមជង្គង់ស្តាំ, ដៃឆ្វេង និងខ្លួនប្រាណ ហើយគប់ម៉ូតូជនរងគ្រោះ រងការខូចខាត។ ពេលនោះក៏មានសមត្ថកិច្ចមូលដ្ឋានល្បាតក្បែរនោះជួយអន្តរាគមន៍ ធ្វើឲ្យក្រុមក្មេងទំនើង នាំគ្នាជិះម៉ូតូគេចខ្លួនអស់ ដោយបន្សល់ទុកនៅកន្លែងកើតហេតុ ម៉ូតូ ៦គ្រឿង, ដុំថ្ម ៧ដុំ, ដាវ១ និងដំបងឈើ១។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង៥នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅធ្វើការសួរនាំចាត់បន្ត ចាត់ការបន្តតាមនិតិវិធី៕