ភ្នំពេញ: កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីកែច្នៃ រក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន ដោយឃាត់ខ្លួនជនល្មើសចំនួន ៤នាក់ រឹបអូសថ្នាំញៀនជាង ១៦គីឡូក្រាម និងសារធាតុគីមីផ្សំជិត ៧០០គីឡូក្រាម ស្ថិតនៅភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។
ប្រតិបត្តិការចុះការបង្ក្រាបនេះ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ពិធីសន្និសិទ្ធ សារព័ត៌មានព័ត៌មាន បង្ហាញមុខជនសង្ស័យនេះធ្វើឡើង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤៖៣០នាទី ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ និងស្នងការដ្ឋានខេត្តកណ្តាល ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក ខា ដែនណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សារទុក ជួញដូរ និងកែច្នៃ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ ២គោលដៅ៖ គោលដៅទី១ ផ្ទះលេខ៣២២ ផ្លូវបេតុង ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល និងគោលដៅទី២ នៅខុនដូរដឺប្លេស បន្ទប់លេខ៩១០ ជាន់ទី៩ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ចំពោះវត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (MDMA) ទម្ងន់ 14945,71 ក្រាម, គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់ 85,64ក្រាម, គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICY) ទម្ងន់ 1048,60ក្រាម, គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ 66,70ក្រាម។ គ្រឿងញៀនសរុបទម្ងន់ 16146,65ក្រាម (16គីឡូ 146,65ក្រាម) និងសារធាតុគីមីផ្សំ ទម្ងន់សរុប 686871,53ក្រាម (685គីឡូ 371,52ក្រាម) រួមជាមួយឧបករណ៍ និងសម្ភារផលិតមួយចំនួនធំ។
បច្ចុប្បន្នជនល្មើស និងវត្ថុតាងខាងលើ ត្រូវមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ផងដែរថារយៈពេល ៣សប្តាហ៍ចុងក្រោយនេះ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំចំនួន ៣ករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក ក្នុងបរិមាណរាប់រយគីឡូក្រាម និងបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕