ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសចិននិយាយថា បក្សកុម្មុយនិស្តបានសម្រេចចិត្តបណ្តេញអតីតរដ្ឋមន្ត្រីការពារជាតិពីររូបពីគណបក្សពីបទបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យរបស់ខ្លួននិងច្បាប់របស់ប្រទេស។ទីភ្នាក់ងារសារព័ត៌មាន Xinhua បាននិយាយថា ថ្នាក់ដឹកនាំគណបក្សបានធ្វើការសម្រេចចិត្តទាក់ទងនឹងអតីតរដ្ឋមន្ត្រីការពារជាតិ Li Shangfu និងអ្នកស្នងតំណែងមុនរបស់គាត់ គឺលោកWei Fengheកាលពីថ្ងៃព្រហស្បតិ៍។
កាសែតនេះនិយាយថាស្ថាប័នត្រួតពិនិត្យ និងវិន័យរបស់គណៈកម្មាធិការយោធាមជ្ឈិមបានបើកការស៊ើបអង្កេតលើលោក Li និង Wei កាលពីឆ្នាំមុនហើយបានរកឃើញថា បុរសទាំងពីរនាក់បានទាញយកផលប្រយោជន៍ពីមុខតំណែងរបស់ពួកគេ ដើម្បីស្វែងរកផលប្រយោជន៍សម្រាប់អ្នកដទៃ និងទទួលយកប្រាក់ និងវត្ថុមានតម្លៃយ៉ាងច្រើន។
ស៊ីនហួររាយការណ៍ថាការិយាល័យនយោបាយរបស់គណបក្សបានសម្រេចផ្ទេរសំណុំរឿងឧក្រិដ្ឋកម្មដែលសង្ស័យទៅស្ថាប័នពាក់ព័ន្ធក្នុងជួរយោធាដើម្បីពិនិត្យនិងកាត់ទោស។
ស៊ីនហួរបានបន្តថា សកម្មភាពរបស់ពួកគេបាននាំមកនូវការខូចខាតយ៉ាងសម្បើមដល់ការអភិវឌ្ឍន៍វិស័យការពារជាតិ និងកងកម្លាំងប្រដាប់អាវុធ។ ប៉ុន្តែមិនមានព័ត៌មានលម្អិតត្រូវបានគេផ្តល់ឲ្យទេ។
សូមរំលឹកថាកាលពីខែធ្នូឆ្នាំមុន ប្រទេសចិនបានដកមន្ត្រីយោធាជាន់ខ្ពស់ប្រាំបួនរូបចេញពីស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ខ្លួន គឺសភាប្រជាជនចិន។ ក្នុងខែដដែលនេះ នាយកប្រតិបត្តិជាន់ខ្ពស់បីរូបនៃក្រុមហ៊ុនដែលពាក់ព័ន្ធនឹងយោធាដែលគ្រប់គ្រងដោយរដ្ឋក៏ត្រូវបានបណ្តេញចេញពីស្ថាប័នប្រឹក្សាកំពូលមួយផងដែរ គឺសន្និសីទប្រឹក្សានយោបាយប្រជាជនចិន។
ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច និងហុងកុងមួយចំនួនបានរាយការណ៍នៅពេលនោះថា ការបណ្តេញចេញអាចពាក់ព័ន្ធនឹងការស៊ើបអង្កេតអំពើពុករលួយក្នុងលទ្ធកម្មដោយកងកម្លាំងកាំជ្រួចមីស៊ីលរបស់យោធា ដែលគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីល។
ជុំវិញនឹងបញ្ហាខាងលើប្រធានាធិបតីចិនលោកXi Jinpingបានប្រើកិច្ចប្រជុំយោធាកាលពីសប្តាហ៍មុនដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការបន្តការបង្ក្រាបយ៉ាងហ្មត់ចត់លើអំពើពុករលួយ៕