រដ្ឋាភិបាលទីក្រុងតូក្យូមានបំណងបន្ធូរបន្ថយវិធានការរឹតត្បិតលើភោជនីយដ្ឋាននៅសប្ដាហ៍ក្រោយ បន្ទាប់ពីករណីឆ្លងមេរោគកូវីដ-១៩ថ្មីមានការធ្លាក់ចុះជាបន្ដបន្ទាប់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុក Jiji នៅថ្ងៃពុធ។
ទីភ្នាក់ងារ Jiji បានរាយការណ៍ដោយដកស្រង់ប្រភពព័ត៌មានថា ការបន្ធូរបន្ថយនឹងត្រូវប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយនឹងអនុវត្តចំពោះអាជីវកម្ម ដែលត្រូវបានបញ្ជាក់ថាអនុវត្តតាមវិធានការទប់ស្កាត់ការចម្លង។ ប៉ុន្ដែ តំណាងរដ្ឋាភិបាលទីក្រុងតូក្យូពុំទាន់បានឆ្លើយតបភ្លាមៗ ជុំវិញការលើកឡើងនេះនៅឡើយទេ។
ទីក្រុងតូក្យូនិងតំបន់ជាច្រើនរបស់ជប៉ុនបានដកការប្រកាសគ្រាអាសន្ននៅថ្ងៃទី១ ខែតុលា ដែលបានអនុវត្តអស់រយៈពេលជិត ៦ ខែមកហើយ។ ទោះជាយ៉ាងនេះក្ដី ភោជនីយដ្ឋាននិងបារនៅក្នុងទីក្រុងតូក្យូត្រូវបានស្នើសុំឱ្យបញ្ឈប់ការលក់គ្រឿងស្រវឹងនៅម៉ោង ៨ យប់ ហើយបិទហាងនៅត្រឹមម៉ោង ៩ យប់។
ករណីឆ្លងថ្មីប្រចាំថ្ងៃនៅទីក្រុងតូក្យូបានធ្លាក់ចុះមកនៅត្រឹម ២៩ នាក់កាលពីថ្ងៃចន្ទ ដែលជាចំនួនទាបបំផុតចាប់តាំងពីខែមិថុនាឆ្នាំមុន។ រហូតមកទល់ពេលនេះ ប្រជាជនជប៉ុនប្រមាណ ៦៧% បានទទួលថ្នាំបង្ការពេញលេញ ហើយរដ្ឋាភិបាលគ្រោងនឹងចាក់ដូសជំរុញនៅរដូវរងាខាងមុខ។ ទន្ទឹមនេះ អាជ្ញាធរគ្រោងនឹងប្រើបណ្ណចាក់វ៉ាក់សាំង និងការធ្វើតេស្ដរកមេរោគកូវីដ-១៩ ដើម្បីបន្ធូរបន្ថយការចម្លងនិងបើកដំណើរការសេដ្ឋកិច្ចឡើងវិញ៕