អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជំងឺរាតត្បាតកូវីដ-១៩នឹងបន្តអូសបន្លាយមួយឆ្នាំទៀត ដោយសារតែប្រទេសក្រីក្រពុំទាន់ទទួលបានវ៉ាក់សាំងតាមតម្រូវការរបស់ពួកគេ។
លោកវេជ្ជបណ្ឌិត Bruce Aylward មន្ត្រីជាន់ខ្ពស់របស់អង្គការ WHO បានថ្លែងថា ដោយសារតែកង្វះខាតការផ្គត់ផ្គង់វ៉ាក់សាំងនេះហើយ ទើបធ្វើឱ្យវិបត្តិអូសបន្លាយយ៉ាងជ្រៅរហូតដល់ឆ្នាំ២០២២។
ប្រជាជនអាហ្វ្រិកតិចជាង ៥%ដែលបានចាក់វ៉ាក់សាំងពេញលេញ បើប្រៀបធៀបទៅនឹងទ្វីបផ្សេងៗ ប្រជាជនបានចាក់វ៉ាក់សាំងរហូតដល់ទៅ ៤០%។ ចក្រភពអង់គ្លេសបានផ្តល់វ៉ាក់សាំងជាង ១០ លានដូសជូនប្រទេស ដែលមានតម្រូវការ។
លោកវេជ្ជបណ្ឌិត Aylward បានអំពាវនាវដល់ប្រទេសអ្នកមានឱ្យបោះបង់ចោលការបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនផលិតឱសថ ដើម្បីឱ្យក្រុមហ៊ុនទាំងនេះអាចផ្តល់អាទិភាពក្នុងការផ្គត់ផ្គង់ដល់ប្រទេស ដែលមានប្រាក់ចំណូលទាបបំផុតវិញ។
លោកបានបញ្ជាក់ថា៖ “ប្រទេសអ្នកមានត្រូវការវ៉ាក់សាំងដើម្បីស្តុកទុក ហើយចែកចាយតាមការសន្យារបស់ពួកគេ ដែលបានធ្វើនៅកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G7 ប៉ុន្ដែការធ្វើដូចនេះគឺមិនស្ថិតលើផ្លូវត្រូវឡើយ ហើយយើងត្រូវការការពន្លឿន ព្រោះបើមិនដូច្នោះទេ ជំងឺឆ្លងរាតត្បាតនឹងបន្ដអូសបន្លាយពេលមួយឆ្នាំទៀត៕