ប៉ូលីសនៅទីក្រុងតូរ៉ុនតូ ក្នុងខេត្តអនតារីយ៉ូ ប្រទេសកាណាដា នឹងត្រូវដាក់ឱ្យឈប់សម្រាកដោយគ្មានប្រាក់បៀវត្ស ប្រសិនបើពួកគេមិនបង្ហាញលិខិតបញ្ជាក់ថាបានចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩នៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកានេះ។
នេះគឺជាការប្រកាសចុងក្រោយបង្អស់របស់ស្ថាប័នរដ្ឋនៅប្រទេសកាណាដា។ កម្លាំងប៉ូលីសបាននិយាយថា ៩០% បានបង្ហាញបណ្ណ ឬលិខិតចាក់វ៉ាក់សាំង ហើយក្នុងចំណោមអ្នកបង្ហាញស្ថានភាពចាក់វ៉ាក់សាំងនេះ មាន ៩៤% ដែលបានទទួលវ៉ាក់សាំងពេញលេញទាំងពីរដូស។
ស្ថាប័នប៉ូលីសនៅទីក្រុងតូរ៉ុនតូមានបុគ្គលិកជាង ៥.៥០០ នាក់ និងមានបុគ្គលិកផ្នែកស៊ីវិលជាង ២,២០០ នាក់។
លិខិតមួយបានបញ្ជាក់ថា៖ “ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ប្រសិនបើបុគ្គលិកណាម្នាក់ពុំបង្ហាញស្ថានភាពចាក់វ៉ាក់សាំង ឬមិនបានចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១-៩ពេញលេញ ពួកគេនឹងមិនអាចបំពេញតួនាទីខ្លួនបានឡើយ។ ពួកគេនឹងត្រូវដាក់ឱ្យឈប់សម្រាកដោយគ្មានប្រាក់បៀវត្ស”។
លិខិតនេះបានបន្ដថា៖ “សុវត្ថិភាពនៃកន្លែងធ្វើការ និងសុខភាពរបស់បុគ្គលិកគឺមានសារៈសំខាន់ចំពោះសេវាប៉ូលីស”។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលសហព័ន្ធរបស់កាណាដាបានបញ្ជាក់នៅដើមខែនេះថា បុគ្គលិកសហព័ន្ធ ដែលមិនបានចាក់វ៉ាក់សាំងត្រឹមថ្ងៃទី២៩ ខែតុលានេះ នឹងត្រូវដាក់ឱ្យឈប់សម្រាកដោយគ្មានប្រាក់បៀវត្ស ហើយបណ្ដាក្រុមហ៊ុនធំៗក្នុងប្រទេសនេះ ក៏ដូចជាមន្ទីរពេទ្យមួយចំនួនក៏បានដាក់ថ្ងៃកំណត់ និងចាត់វិធានការដូចគ្នាផងដែរ៕