ភ្នំពេញ៖ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានកែសម្រួលគោលការណ៍ នៃការផ្តល់ទិដ្ឋាការ លក្ខខណ្ឌនៃការធ្វើដំណើរ និងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី ដើម្បីទទួលភ្ញៀវ និងអ្នកវិនិយោគមកកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត ។
យោងតាមលិខិតរបស់ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ការកែសម្រួលឡើងវិញនេះ គឺ យោងលើការវិវឌ្ឍកាន់តែប្រសើរឡើងនៃស្ថានភាពទប់ទល់នឹងជំងឺកូវីដ-១៩ នៅកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់តាមគន្លងប្រក្រតីភាពថ្មី ដោយបានសម្រួលលក្ខខណ្ឌគោលការណ៍នៃការផ្តល់ទិដ្ឋាការ និងរបបនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា ដូចជា បើកឱ្យមានការផ្តល់ឡើងវិញនូវទិដ្ឋាការទេសចរណ៍ ដែលត្រូវបានផ្អាក ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដើម្បីអាចទទួលភ្ញៀវបរទេស និងភ្ញៀវទេសចរណ៍ទូទៅ និងដាក់ឱ្យដំណើរការឡើងវិញនូវគោលការណ៍លើកលែងទិដ្ឋាការ (Visa Exemption) ។
ជាមួយគ្នានេះការ ដាក់ដំណើរការឡើងវិញនូវការស្នើសុំទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច (e-Visa) ដើម្បីសម្រួលដល់អ្នកដំណើរក្នុងការស្នើសុំទិដ្ឋាការចូលមកកម្ពុជា ប៉ុន្តែនៅបន្តផ្អាកការផ្តល់ទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) និង គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានកែសម្រួលលក្ខខណ្ឌធ្វើដំណើរការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ៕
អត្ថបទ÷ជួន បូណា