ប្រទេសចិនបានសម្រេចពន្យារពេលការរត់ម៉ារ៉ាតុងនៅរដ្ឋធានីប៉េកាំងរហូតដល់មានការជូនដំណឹងបន្ថែម ចំពេលមានការកើនឡើងនៃការឆ្លងមេរោគកូវីដ-១៩។ មន្ត្រីសុខាភិបាលកំពូលរបស់ប្រទេសនេះបានព្រមានថា ការផ្ទុះឡើងនៃករណីឆ្លងថ្មីត្រូវបានគេរំពឹងថានឹងបន្ដរីករាលដាលបន្ថែមទៀត។
រហូតមកទល់ពេលនេះ ចិនបានរាយការណ៍ករណីឆ្លងថ្មីច្រើនជាង ១៣៣ នាក់នៅទូទាំងខេត្តចំនួន ១១ ហើយករណីភាគច្រើនគឺជាមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទដែលតា។ ការកើនឡើងអត្រាឆ្លងចុងក្រោយបំផុតនេះត្រូវបានគេចាត់ទុកថាជាការផ្ទុះឡើងដ៏ធំបំផុតនៅក្នុងប្រទេសមិនធ្លាប់មាន ចាប់តាំងពីការផ្ទុះចុងក្រោយកាលពីខែសីហានាឆ្នាំនេះនៅទីក្រុងណានជីង។
ការកើនឡើងនេះក៏បានបង្កើនការព្រួយបារម្ភអំពីសមត្ថភាពរបស់ប្រទេសចិនក្នុងការគ្រប់គ្រងការចម្លងមេរោគផងដែរ ជាពិសេសការត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២នៅពេលខាងមុខនេះ។
សូមជម្រាបជូនផងដែរថា ការរត់ម៉ារ៉ាតុងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅទីលាន Tiananmen និងបញ្ចប់នៅទីលាន Celebration Square ចាប់តាំងពីឆ្នាំ១៩៨១មកម្ល៉េះ ដែលជាព្រឹត្តិការណ៍កីឡាក្នុងស្រុកដ៏ធំបំផុតមួយរបស់ប្រទេសចិន។
មនុស្សប្រហែល ៣០,០០០ នាក់ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការរត់ម៉ារ៉ាតុង ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា។
អ្នករៀបចំកីឡាម៉ារ៉ាតុងបាននិយាយថា ខ្លួនកំពុងលុបចោលព្រឹត្តិការណ៍នេះ ដើម្បីការពារហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជាការពារសុខភាពនិងសុវត្ថិភាពរបស់អ្នករត់ប្រណាំង បុគ្គលិក និងប្រជាជនភាគច្រើន៕