បុគ្គលិកនៅទីក្រុងញូវយ៉កបានដើរដង្ហែក្បួននៅសាលាក្រុងកាលពីថ្ងៃចន្ទ ដើម្បីសម្ដែងការមិនពេញចិត្តលើកាតព្វកិច្ចចាក់វ៉ាក់សាំង ដោយពួកគេបានបិទស្ពាន Brooklyn ហើយគ្រវីទង់ជាតិសហរដ្ឋអាមេរិក និងបានប្ដេជ្ញាថា ពួកគេសុខចិត្តគ្មានការងារធ្វើជាជាងទៅចាក់វ៉ាក់សាំងដោយបង្ខំ។
ហ្វូងមនុស្សរាប់ពាន់នាក់ រួមមានវត្តមានប៉ូលិសនិងអ្នកពន្លត់អគ្គីភ័យជាច្រើននាក់ ក៏ដូចជាបុគ្គលិកផ្នែកសុខាភិបាលមួយចំនួនបានចូលរួមក្នុងការដង្ហែក្បួននេះ។
លោក Nial O’Shaughnessy គ្រូពេទ្យឈរជើងនៅតំបន់ Lower Manhattan បានប្រាប់អ្នកយកព័ត៌មានថា៖ “ខ្ញុំនៅទីនេះដើម្បីលើកទឹកចិត្តបងប្អូនប្រុសស្រី ដែលតវ៉ាប្រឆាំងនឹងការចាប់បង្ខំឱ្យចាក់វ៉ាក់សាំង”។
សូមបញ្ជាក់ផងដែរថា ច្បាប់ថ្មីដែលកំណត់ពីកាតព្វកិច្ចចាក់វ៉ាក់សាំងនឹងត្រូវអនុវត្តនៅទីក្រុងញូវយ៉កចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅរហូតដល់អត្រាចាក់វ៉ាក់សាំងមានការកើនឡើងតាមការគ្រោងទុក។ បុគ្គលិកនានា ដែលទៅចាក់វ៉ាក់សាំងនៅទីតាំងរបស់រដ្ឋនឹងទទួលបានប្រាក់ឧបត្ថម្ភ$៥០០។ ចំពោះអ្នកពុំព្រមទៅចាក់វ៉ាក់សាំងនៅត្រឹមដំណាច់ខែនេះ ពួកគេនឹងត្រូវដាក់ឱ្យឈប់សម្រាកដោយគ្មានប្រាក់បៀវត្ស។
ក្នុងករណីនេះ អភិបាលក្រុងញូវយ៉កលោក Bill de Blasio កាលពីថ្ងៃចន្ទ បានស្តីបន្ទោសព័ត៌មានក្លែងក្លាយ ដែលបានជំរុញឱ្យមានការធ្វើបាតុកម្មដ៏ធំនេះ។ លោកបានកត់សម្គាល់ថា ៨៥%នៃមនុស្សពេញវ័យបានចាក់វ៉ាក់សាំងរួចរាល់ហើយក្នុងនោះរួមមានបុគ្គលិកថែទាំសុខភាពនិងបុគ្គលិកសាលារាប់ពាន់នាក់៕