សាលារៀននៅទូទាំងប្រទេសវេណេស៊ុយអេឡាបានអនុញ្ញាតឱ្យសិស្សចូលរៀនក្នុងថ្នាក់វិញ បន្ទាប់ពីបានបិទសាលា១៩ខែ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។
លោកស្រី Lisceth Rojas នាយកសាលាមួយរូបបានបញ្ជាក់ថា អាជ្ញាធរបានរៀបចំលក្ខខណ្ឌនានា ដើម្បីធានាថា ការវិលត្រលប់ចូលថ្នាក់រៀនវិញមានសុវត្ថិភាពសម្រាប់គ្រូបង្រៀននិងសិស្សានុសិស្ស ក៏ដូចជាដើម្បីឱ្យអាណាព្យាបាលមានទំនុកចិត្តក្នុងការបញ្ជូនកូនមកសាលាសាជាថ្មី។
រដ្ឋាភិបាលរបស់ប្រទេសនេះបានហៅការបើកសាលារៀនឡើងវិញថាជា “យុទ្ធនាការផ្ដល់ក្តីស្រឡាញ់”។ លោក នីកូឡា ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេស៊ុយអេឡា បានបង្ហោះវីដេអូលើគណនីប្រព័ន្ធបណ្ដាញសង្គមរបស់លោក ដែលបង្ហាញពីសកម្មភាពរៀបចំតុបតែងបរិវេណសាលារៀនឡើងវិញ ដើម្បីទទួលសិស្ស ហើយលោកប្រធានាធិបតីក៏បានទទួលស្គាល់ផងដែរថា ក្នុងពេលដ៏លំបាកនេះ មានសិស្សមួយចំនួនបានបោះបង់ចោលការសិក្សា។
ក្នុងសារវីដេអូនោះ លោក នីកូឡា ម៉ាឌូរ៉ូ បានមានប្រសាសន៍ថា៖ “យើងនឹងហៅសិស្សចូលរៀនវិញ ដូច្នេះពួកគេអាចវិលត្រលប់ចូលថ្នាក់រៀនវិញ”។
ទោះជាយ៉ាងនេះក្ដី គ្រូបង្រៀននិងអាណាព្យាបាលមួយចំនួនបានលើកឡើងពីកង្វល់របស់ពួកគេជុំវិញបញ្ហាអគារសិក្សានិងសម្ភារក្នុងថ្នាក់រៀន ដែលបានរងការខូចខាតនិងមានកង្វះខាត។
គ្រូបង្រៀនរាប់ពាន់នាក់ ដែលទទួលបានប្រាក់បៀវត្សទាបជាងគេបំផុតក្នុងតំបន់បានសម្រេចចិត្តបោះបង់អាជីពរបស់ពួកគេ ហើយខ្លះបានសម្រេចចិត្តភៀសខ្លួនចេញពីប្រទេសដើម្បីចាកចេញពីភាពក្រីក្រនិងបញ្ហាអតិផរណា៕