អន្តរជាតិ៖មន្ត្រីជាន់ខ្ពស់នៃគណៈកម្មការសហភាពអាហ្រ្វិក(AU)កាលពីថ្ងៃអង្គារបានជំរុញប្រទេសសមាជិកសហភាពអឺរ៉ុប(EU)ប្រឆាំងនឹងគោលនយោបាយមិនទទួលយកប័ណ្ណ វ៉ាក់សាំង COVID-19 ពីទ្វីបនេះ។
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសហភាពអឺរ៉ុប និងសហភាពអាហ្រ្វិកនៅរដ្ឋធានី Kigali នៃប្រទេស Rwandan, លោកស្រី Monique Nsanzabaganwa អនុប្រធានគណៈកម្មាធិការសហភាពអាហ្វ្រិកបានចង្អុលបង្ហាញថាគោលនយោបាយបែបនេះអាចប៉ះពាល់ដល់យុទ្ធនាការចាក់វ៉ាក់សាំង។
លោកស្រីបានកត់សម្គាល់ថាជំហានសំខាន់ៗត្រូវបានសម្រេចដោយ “ក្រុមប្រទេសអឺរ៉ុប” ក្នុងការផ្តល់វ៉ាក់សាំងដល់ទ្វីបអាហ្រ្វិកតាមរយៈមជ្ឈមណ្ឌល COVAX និងតាមរយៈគំនិតផ្តួចផ្តើមទ្វេភាគី។
មន្ត្រីរូបនេះបានបន្តថា៖”ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងទាំងនេះ ការទទួលស្គាល់ដោយសមភាគីអឺរ៉ុបលើវ៉ាក់សាំង និងប័ណ្ណវ៉ាក់សាំងដែលចេញដោយអាជ្ញាធររដ្ឋជាសមាជិកស្របតាមការណែនាំរបស់ CDC របស់អាហ្វ្រិកគឺមានសារៈសំខាន់”។
លោកស្រីបានបន្ថែមថា៖ «ការទទួលស្គាល់ប័ណ្ណនេះនឹងអនុញ្ញាតឱ្យទ្វីបទាំងមូលអាចបន្តការចូលរួមប្រកបដោយផលិតភាពជាពិសេសនៅក្របខ័ណ្ឌសេដ្ឋកិច្ច»។
កាលពីខែមុន ចក្រភពអង់គ្លេសបានប្រកាសពីគោលនយោបាយមិនទទួលយកប័ណ្ណ វ៉ាក់សាំង Covid-19 ពីទ្វីបអាហ្វិ្រកដែលអាជ្ញាធរនិយាយថាអាចបង្កើនភាពស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង។
ប្រទេសអង់គ្លេសបានប្រកាសបញ្ជីឈ្មោះដំបូងដែលខ្លួនទទួលស្គាល់ថ្នាំបង្ការ ប៉ុន្តែគ្មានប្រទេសណាមួយនៅក្នុងទ្វីបអាហ្វ្រិកស្ថិតក្នុងបញ្ជីនោះទេ។
លោកស្រី Nsanzabaganwa បាននិយាយថាទ្វីបកំពុងសំលឹងមើល “ទ្វីបដែលជាបងប្អូន និងការគាំទ្ររបស់រដ្ឋជាសមាជិក” នៅក្នុងការអំពាវនាវដែលកំពុងបន្តលើផ្ដល់កម្មសិទ្ធិបញ្ញាទាក់ទងនឹងវ៉ាក់សាំង COVID-19 និងបច្ចេកវិទ្យាផ្សេងទៀតនៅអង្គការពាណិជ្ជកម្មពិភពលោក។
លោកស្រីក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្គត់ផ្គង់វ៉ាក់សាំងជាសកលផងដែរ ដើម្បីបង្កើតរនាំងការពារជំងឺកូវីដ-១៩។
លោកស្រីបានពោលថា “ការផ្គត់ផ្គង់វ៉ាក់សាំងមានសារៈសំខាន់ក្នុងការបើកទូលាយនៅតាមបណ្ដារប្រទេស សុខភាពសន្តិសុខសកល និងការងើបឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចពិភពលោក។ វាក៏នឹងក្លាយជាសញ្ញានៃសាមគ្គីភាពសកលដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនៃយើងផងដែរ”។
មកទល់នឹងពេលនេះ,ពលរដ្ឋអាហ្រ្វិកប្រមាណ ៤.៥ ភាគរយបានចាក់វ៉ាក់សាំងពេញលេញខណៈដែលពលរដ្ឋអឺរ៉ុបប្រមាណពី៥៥ទៅ៦៦ភាគរយបានចាក់វ៉ាក់សាំង។
លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបានមានប្រសាសន៍ថា៖”ជំងឺ COVID-19 គឺជាការដាស់តឿន។ វាបានចង្អុយអំពីអ្វីដែលដំណើរការ និងអ្វីដែលមិនដំណើរការដែលពិភពលោកត្រូវការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកនាពេលបច្ចុប្បន្ននេះ។ វាបានពន្លឿនតម្រូវការដើម្បីធ្វើឱ្យភាពជាដៃគូរបស់យើងសមស្របនឹងគោលដៅ”។
យោងតាមរបៀបវារៈការពិភាក្សានៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអឺរ៉ុប-អាហ្វ្រិកគឺផ្តោតលើការឆ្លើយតប និងការស្តារឡើងវិញពីជំងឺកូវីដ-១៩ ក៏ដូចជាការកសាងភាពធន់ សន្តិភាព សន្តិសុខ ការធ្វើចំណាកស្រុក អភិបាលកិច្ចសកលនិងបញ្ហាផ្សេងៗទៀត។
មុនពេលកិច្ចប្រជុំកំពូល EU-AU លើកទីប្រាំមួយ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងប្រ៊ុចសែល នៅដើមឆ្នាំ ២០២២, ក្រុមរដ្ឋមន្ត្រីក៏ត្រូវបានគេរំពឹងដែរថានឹងកំណត់អត្តសញ្ញាណអាទិភាព ឱកាស និងបញ្ហាប្រឈមសំខាន់ៗសម្រាប់របៀបវារៈនេះ៕