ខេត្តប៉ៃលិន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារមជ្ឈមណ្ឌលសិក្សាសហគមន៍បរយ៉ាខា ដែលជាជំនួយរបស់ប្រជាជនជប៉ុន តាមរយ:អង្គការកុមារឥតព្រំដែនអន្តរជាតិនៅកម្ពុជា ។ មជ្ឈមណ្ឌលសិក្សានេះ ស្ថិតនៅភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ការកសាងមជ្ឈមណ្ឌលសិក្សានេះ គឺដើម្បីកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន និងការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ផងដែរ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជ រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ពិសេស វិស័យអប់រំ ដូច្នេះការបង្កើតជាមជ្ឈមណ្ឌលសិក្សាសហគមន៍នេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាង និងលើកកម្ពស់សមត្ថភាពយុវជននៅមូលដ្ឋាន ឱ្យមានចំណេះជំនាញពិតប្រាកដ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ លោកជំទាវអភិបាលខេត្ត បាន ថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចជាកាល បានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការចូលរួមចំណែកស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា តាំងពីដើមឡើយរហូតដល់បច្ចុប្បន្ន។
ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍លើកឡើងថា៖ អគារមជ្ឈមណ្ឌលសិក្សាសហគមន៍នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ប្រជាជនជប៉ុន តាមរយ:អង្គការកុមារឥតព្រំដែនអន្តរជាតិនៅកម្ពុជា ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវនៅកម្ពុជា ដែលជាកត្តាចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋានផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា៖ មជ្ឈមណ្ឌលសិក្សាសហគមន៍នេះ គឺមានបង្រៀនជំនាញវិជ្ជាជីវ:ជាច្រើនដល់យុវជននៅមូលដ្ឋាន ដូចជា៖ កាត់ដេរសម្លៀកបំពាក់ សម្អាងការ ជួសជុលទូរសព្ទ ជួសជុលម៉ាស៊ីនត្រជាក់ និងជំនាញផ្សេងៗជាច្រើនទៀតសម្រាប់ការប្រកបមុខរបរនៅក្នុងមូលដ្ឋាន ចៀសសវាងការធ្វើចំណាកស្រុកទៅខេត្តផ្សេងៗ ឬទៅក្រៅប្រទេសដែលមានហានីភ័យខ្ពស់។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា៖ អគារមជ្ឈមណ្ឌលសិក្សាសហគមន៍ដែលជាជំនួយរបស់ប្រជាជនជប៉ុននេះ នៅខេត្តប៉ៃលិន គឺមានចំនួន ០៣កន្លែង ហើយអគារទាំងនេះមានគំរូស្តង់ដារតែមួយ ដោយមានទទឹងប្រវែង ១១ម៉ែត្រ បណ្តោយប្រវែង ១៦ម៉ែត្រ ស្មើនឹង០៣បន្ទប់ និងមានបន្ទប់ទឹកចំនួន ២ ព្រមទាំងបំពាក់គ្រឿងសង្ហារឹម និងបរិក្ខាថាមពលអគ្គិសនីគ្រប់គ្រាន់៕កុសល