លោក ទេព ហ៊ុយ មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះ ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនបន្ទាប់ពីបានប្រើហិង្សា និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្មេងស្រីពីរនាក់ ដែលជាឈ្នួលបម្រើក្នុងផ្ទះ រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការចំពោះជនល្មើសផ្សេងទៀត ដែលពាក់ព័ន្ធនៅក្នុងអំពើហិង្សា និងទារុណកម្មនេះថែមទៀតផង ពោលមិនលើកលែងឲ្យជាដាច់ខាត។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា អំពីការបើកការស៊ើបអង្កេតបឋម ដោយមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ លើករណីប្រើអំពើហិង្សាទៅលើក្មេងស្រី ជាកូនឈ្នួលបម្រើនៅផ្ទះ បណ្តាលឱ្យរងរបួស ពេលបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ បាននិងកំពុងធ្វើការស៊ើបអង្កេតបឋម តាមនីតិវិធី ដោយមានការដឹក នាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ។
លោក ឧត្តមសេនីយ៍តី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានន្តរសក្តិវរសេនីយ៍ត្រី មុខងារមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវ បានឃាត់ខ្លួន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ មូលហេតុ បុគ្គលនេះ បានប្រព្រឹត្តអំពើហិង្សាទៅលើ ក្មេងស្រីដែលជាកូនឈ្នួល (អ្នកបម្រើនៅផ្ទះ)។ ទន្ទឹមនឹងនោះ ក៏បានឃាត់ខ្លួនបុគ្គលដែលពាក់ព័ន្ធ នឹងការប្រព្រឹត្តបទល្មើសផងដែរ។
សូមបញ្ជាក់ថាដើមហេតុដែលបង្ករអោយមានការឃាត់ខ្លួនលោកមេបញ្ចារកាអាវុធហត្ថក្រុងក្រចេះ រូបនេះត្រូប្រភពពត៍មានរាយការណ៍អោយដឹងថា កាលពីអំឡុងខែឧសភា និងខែតុលា ឆ្នាំ២០២១ អាណាព្យាបាលរបស់ក្មេងស្រីទាំងពីរនាក់ឈ្មោះ ត្រេក ធារ៉ា និងឈ្មោះ វ៉ន ពិសី បានអោយកូនស្រីរបស់ខ្លួនមកធ្វេីការស៊ីឈ្នួលបម្រេីនៅផ្ទះរបស់ឈ្មោះ ទេព ហ៊ុយ និងទទួលបានប្រាក់ខែក្នុងម្នាក់ចំនួន១០០$។
នៅថ្ងៃទី២៣.១០.២០២១ ម៉ោងជាង៩ព្រឹក ឈ្មោះ វ៉ន ពិសី មានការតូចចិត្តម្ចាស់ផ្ទះស្តីបន្ទោសក៏បានយកសត្វឆ្កែរបស់ម្ចាស់ផ្ទះចំនួន០១ក្បាលទៅច្រមុជក្នុងទឹកអោយងាប់ និងលាក់បាំងមិនអោយម្ចាស់ផ្ទះដឹងឡេីយ។ បន្ទាប់មកនៅថ្ងៃទី២៧ ខែ.ឆ្នាំដដែល ចន្លោះម៉ោង២២ ឈ្មោះ ទេព ហ៊ុយ និងកូនចៅខ្លួន(មន្ត្រីកងរាជអាវុធហត្ថ) បានដឹងពីការពិតក៏បានប្រេីហិង្សាវាយទាត់ធាក់ លេីឈ្មោះ ត្រេក ធារ៉ា និងឈ្មោះ វ៉ន ពិសី និងយកកៅអីជ័រវាយលេីឈ្មោះ វ៉ន ពិសី និងយកលាមកសត្វឆ្កែអោយឈ្មោះ វ៉ន ពិីសី ស៊ីថែមទៀតផង។ នៅថ្ងៃទី២៨ ខែ.ឆ្នាំដដែល ម៉ោងជាង៨ព្រឹក អាណាព្យាបាលរបស់ជនរងគ្រោះទាំង២នាក់បានមកជួបឈ្មោះ ទេព ហ៊ុយ និងត្រូវបានឈ្មោះ ទេព ហ៊ុយ គំរាមកំហែងអោយធ្វេីកិច្ចសន្យាសងប្រាក់ជំនួសកូនរបស់ខ្លួនក្នុងម្នាក់ចំនួន១០០$ក្នុង១ខែគឺសងរយៈពេល៣ឆ្នាំ ដោយសារពួកគាត់មានការភ័យខ្លាចក៏យល់ព្រមផ្តិតស្នាមមេដៃ និងមិនបានអានខ្លឹមសារកិច្ចសន្យានោះឡេីយ ។ នៅវេលាម៉ោង១៥ ថ្ងៃ.ខែ.ឆ្នាំដដែល ទេីបអាណាព្យាបាលរបស់ជនរងគ្រោះបានមកប្តឹងរាយការណ៍ជូនសមត្ថកិច្ច ចំណែកជនរងគ្រោះត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
ដោយ៖ ប៊ុន ថាន