សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជុំទី១ និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជុំទី១ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំនេះ នៅវិមានសន្តិភាពទីស្តីការគណ:រដ្ឋមន្រ្តីនាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។
ការប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើងនៅព្រឹកថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២១នេះ គឺជាការបង្ហាញឱ្យឃើញនូវជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជាលើគោលនយោបាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។
សម្តេចតេជោបានបញ្ជាក់ថា មិនបានហាមឃាត់មិនអោយពលរដ្ឋរៀបការនោះទេ គ្រាន់តែមិនឲ្យរៀបចំកម្មវិធីជួបជុំទ្រង់ទ្រាយធំតែប៉ុណ្ណោះ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩កុំឲ្យឆ្លងថ្មីនៅក្នុងសហគមន៏។ សម្តេចតេជោ បានថ្លែង ប្រជាពលរដ្ឋអាចរៀបចំអាពាហ៍ពិពាហ៍តាមប្រពៃណីនិងទំនៀមទំលាប់បានជាធម្មតា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមបែបគន្លងថ្មី ប៉ុន្តែត្រូវអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដោយមិនត្រូវមានការជួបជុំមនុស្សច្រើនទេគឺត្រូវកាត់បន្ថយមកត្រឹមកម្រិតតិចតួចប៉ុណ្ណោះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ឲ្យមានប្រសិទ្ធភាព ។ សម្តេចតេជោបានមានប្រសាសន៏បន្តថា អ្នករៀបការហើយចង់យកកូន គួរចាក់វ៉ាក់សាំងអោយបានគ្រប់ដូសជាមុនសិន ដើម្បីបង្កើនភាពស៊ាំក្នុងរាង្គកាយប្រឆាំងនិងមេរោគដ៏កាចសាហាវនេះ ពិសេសកាត់បន្ថយហានិភ័យដល់អាយុជីវិតទាំងមាតានិងទារក ។ សម្តេចតេជោហ៊ុនសែន បានប្រកាសបើកសកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យជាបណ្តើរៗ ចាប់ពីថ្ងៃទី០១ខែវិច្ឆិកានេះតទៅ ដោយអនុវត្តន៍ការរស់នៅតាមបែបប្រក្រតីភាពថ្មី ដើម្បីធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការងើបឡើងវិញ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បន្ទាប់ពីប្រតិបត្តិការយ៉ាងស្វិតស្វាញរយៈពេលជាង៨ខែ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋខ្មែររហូតដល់ពេលបច្ចុប្បន្ននេះ សង្កេតឃើញថា កម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពនៃការជឿជាក់និងភាពរឹងមាំ ខណៈដែរប្រជាពលរដ្ឋកម្ពុជាកំពុងរួមគ្នាចាកចេញពីជំងឺកូវីដ-១៩ ដោយការរស់នៅតាមបែបប្រក្រតីភាពថ្មីវិញ ដើម្បីឱ្យកម្ពុជាបានបើកឡើងវិញយ៉ាងពេញលេញជាបណ្ដើរៗ នូវសកម្មភាពសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា កម្ពុជាបានធ្វើការសាកល្បងរួចមកហើយ កាលពីក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ទាក់ទិននឹងការសាកល្បងដ៏ធំ ហើយបន្ទាប់ពីការសាកល្បងនេះ ក៏អាចឱ្យមានការវាយតម្លៃបាន ថាតើគួរតែទៅមុខឬទៅក្រោយ។សម្តេចតេជោបន្តថា នៅក្នុងបញ្ហានេះ យើងបានកំណត់តាំងពីដើមទីថា នៅពេលដែលមាន វ៉ាក់សាំង យើងកំណត់ការចាក់វ៉ាក់សាំង គឺជាគន្លឹះសំខាន់ បន្ទាប់ពីវិធានការដែលយើងបានធ្វើកន្លងទៅ គឺការរុករក ការធ្វើតេស្ត ការធ្វើចត្តាឡីស័ក និងការព្យាបាល។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២១ ជាមួយវ៉ាក់សាំងស៊ីណូហ្វាមប្រមាណជា៦០ម៉ឺនដូស ដែលជាជំនួយដំបូងរបស់រដ្ឋាភិបាល និងប្រជាជនចិនមកកាន់កម្ពុជា។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានបង្ហាថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី៦ឆ្នាំឡើងបានចំនួនសរុបជិត១៣,៧០៩,៤៨៧នាក់ ស្មើនឹងជាង៨៥,៦៨ភាគរយ នៃចំនួនប្រជាជនសរុប១៦លាននាក់។ ក្នុងនោះអ្នកចាក់គ្រប់ចំនួនពីរដូស បានជាង១៣លាននាក់ ហើយអ្នកចាក់ដូសទី៣ បានជិត២លាននាក់។ គួរកត់សម្គាល់ថា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកង កម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៧០៩,៤៨៧នាក់។ ក្នុងនោះរួមមាន៖ ១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,០០០,០៨៨នាក់ស្មើនឹងជាង១០០ភាគរយ។ ២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៨៨,៨០២ នាក់។ ៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ១,៩២០,៥៩៩ នាក់ ។ ល្បឿននៃការចាក់វ៉ាក់សាំង គឺជាកត្តាកំណត់មួយសម្រាប់ភាពជោគជ័យ ឬបរាជ័យ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។ លទ្ធផលនេះ បានធ្វើឱ្យកម្ពុជាឈរលំដាប់ទី១នៅអាស៊ីអាគ្នេយ៍ និងឈរនៅក្នុងចំណោមប្រទេសលើពិភពលោក ដែលសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពល រដ្ឋបានច្រើន ធៀបនឹងចំនួនប្រជាពលរដ្ឋសរុប។ ការសម្រេចបាននូវផែនការចាក់វ៉ាក់សាំងនេះ មិនត្រឹមតែប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ បានសាទរ និងអរគុណចំពោះកិច្ចប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប៉ុន្តែតំណាងអង្គការយូនីសេហ្វ និងសុខភាពពិភពលោកនៅកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនេះផងដែរ។តំណាងអង្គការ UNICEF ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាបានដឹកនាំនូវការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាការផ្ដល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺមានលក្ខណៈគួរឱ្យកោតសរសើរ ហើយរាជរដ្ឋាភិបាលកម្ពុជា គឺស្ថិតក្នុងកម្រិតខ្ពស់មួយដែលអាចធ្វើបែបនេះបាន គឺសម្រេចបានមុនផែនការត្រឹមរយៈពេលតែ៨ខែ»៕
អត្ថបទ៖ ម៉ឹង កុសល ( ០១ ១១ ២១ )