(ក្រចេះ)៖លោកវរសេនីយ៍ត្រី ទេព ហ៊ុយ មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ និង បក្ខពួក កាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធនិងការប្រើអំពើហឹង្សាដោយចេតនាទៅលើកូនឈ្នួលពីនាក់ដែលជាក្មេងស្រីអាយុ១២ឆ្នាំនិងបង្ខំឲ្យស៊ីលាមកឆ្កែនៅក្រោយផ្ទះ ។
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់តុលាការខេត្តក្រចេះ បានឲ្យដឹងថា លោក ទេព ហ៊ុយ ត្រូវបានតុលាការចោទប្រកាន់ចំនួនបីករណី
១-បទទារុណកម្មនិងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ,
២-បទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ
៣-បទគំរាមកំហែងថានឹងសម្លាប់ តាមមាត្រា២១១ មាត្រា២១៩ និង មាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចហាងយីហោ លាង ហ៊ុយលក់ទូរស័ព្ទដៃទំនើបនិងលក់រថយន្ត ផ្លូវកណ្តាល ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ និងនៅចំណុចភូមិរកាកណ្តាល១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៧ និងថ្ងៃ២៨ ខែតុលា ឆ្នាំ២០២១ ។
ចំណែកបក្សពួក មានឈ្មោះ គឹម សុវណ្ណរិទ្ធ និង ឈ្មោះ វុធ ត្រូវបានតុលាការចោទប្រកាន់ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ ។
គួរបញ្ជាក់ថាដោយមានក្តីអាណិតអាសូរនិងដើម្បីដោះស្រាយភាពខ្វះខាតចំពោះក្មេងស្រីរងគ្រោះទាំងពីរនាក់បានទទួលការជួយឧបត្ថមពីថ្នាក់ដឹកនាំខេត្ត ជាបន្តបន្ទាប់ជាពិសេសលោកឧត្តមសេនិយ៏ត្រីសាន្តប៊ុនថាន មេបញ្ចាការមូលដ្ឋានកងរាជអាវុធហត្ថខេត្តបានចាត់កំលាំងអោយមន្រ្តីកងរាជអាវុធហត្ថខេត្តក្រចេះផ្នែកយេនឌរ័ពាំនាំនូវសម្ភារៈនិងថវិកាចំនួន៤០មុឹនរៀលជូនដល់ក្មេងស្រីរងគ្រោះទាំងពីរនាក់ផងដែរ។