អន្តរជាតិ៖ប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងនឹងក្រុមរដ្ឋឥស្លាមនិយាយថា ក្រុមសកម្មប្រយុទ្ធបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដ៏អាក្រក់ទៅលើមន្ទីរពេទ្យយោធាក្នុងរដ្ឋធានីកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថាន។ការវាយប្រហារយ៉ាងកក្រើកបានកើតឡើងនៅមន្ទីរពេទ្យមួយនាកណ្តាលទីក្រុងកាប៊ុលកាលពីថ្ងៃអង្គារខណៈ ការវាយប្រហារដោយក្រុមប្រដាប់អាវុធមួយត្រូវបានគេរាយការណ៍។ទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា មនុស្សយ៉ាងហោចណាស់ ២៥ នាក់បានស្លាប់ និងជាង ៥០ នាក់ផ្សេងទៀតបានរងរបួស។
អ្នកនាំពាក្យក្រុមតាលីបង់បានប្រាប់ទីភ្នាក់ងារព័ត៌មាន NHK ថា អ្នកវាយប្រហារបួននាក់ត្រូវបានសម្លាប់ ហើយយ៉ាងហោចណាស់ម្នាក់ត្រូវបានចាប់ខ្លួន។ទីភ្នាក់ងារព័ត៌មាន Amaq ដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម បានដកស្រង់ប្រភពដែលនិយាយថា យុទ្ធជនចំនួនប្រាំនាក់នៃក្រុមនេះបានបើកការវាយប្រហារទៅលើមន្ទីពែទ្យ។
ទីភ្នាក់ងារនេះបាននិយាយថា មេបញ្ជាការតាលីបង់ម្នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ និងរបួសរាប់សិបនាក់។
គួរជ្រាបដែរថាមន្ទីរពេទ្យដែលត្រូវបានកំណត់គោលដៅខាងលើនេះមានគ្រែចំនួន៤០០។អ្នកប្រយុទ្ធតាលីបង់ ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងចំណោមអ្នកជំងឺទាំងនោះ។ ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមធ្លាប់បានវាយប្រហារលើមន្ទីរពេទ្យនេះកាលពីឆ្នាំ ២០១៧ ដោយបានសម្លាប់មនុស្សរាប់សិបនាក់។
ក្រុមសកម្មប្រយុទ្ធបានធ្វើការវាយប្រហារអត្តឃាតជាបន្តបន្ទាប់ និងការវាយប្រហារផ្សេងទៀតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានចាប់តាំងពីក្រុមតាលីបង់បានចាប់ផ្តើមរដ្ឋាភិបាលបណ្តោះអាសន្នក្នុងខែកញ្ញា៕