លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីលោក Nikolai Patrushev បានជួបជាមួយលោក William Burns នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) នៃសហរដ្ឋអាមេរិក នៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ។
នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីនិងបានបញ្ជាក់ថា ភាគីបានពិភាក្សាអំពីទំនាក់ទំនងរុស្ស៊ីនិងអាមេរិក។ អ្នកនាំពាក្យស្ថានទូតអាមេរិកបានប្រាប់កាសែត AFP ថា ដំណើរទស្សនកិច្ចរបស់លោក Burns ធ្វើឡើងតាមសំណើរបស់លោកប្រធានាធិបតី ចូ បៃឌិន។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ដថា លោកនាយក CIA កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ដើម្បីចូលរួមកិច្ចប្រជុំ ដែលមានដំណើរការរយៈពេលពីរថ្ងៃ។
អ្នកនាំពាក្យសហរដ្ឋអាមេរិកបានបន្ថែមថា៖ “ក្រុមមន្ត្រីជាន់ខ្ពស់របស់ CIA កំពុងជួបជាមួយសមាជិកនៃរដ្ឋាភិបាលរុស្ស៊ី ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើននៅក្នុងទំនាក់ទំនងទ្វេភាគី”។
សូមជម្រាបជូនផងដែរថា លោក Burns បានទទួលតំណែងជាប្រធាន CIA នៅខែមីនាឆ្នាំនេះ ហើយការធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូនេះគឺជាជំនួបលើកដំបូងរបស់លោកជាមួយលោក Patrushev ក្នុងតំណែងនេះ៕