ចក្រភពអង់គ្លេសសន្យាផ្តល់ប្រាក់ចំនួន ២៩០ លានផោន ដើម្បីជួយប្រទេសក្រីក្រទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ខណៈពេលដែលកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP26 ឈានចូលសប្តាហ៍ទីពីរ។
រដ្ឋមន្ត្រីមកពីបណ្ដាប្រទេសជុំវិញពិភពលោកកំពុងស្ថិតនៅទីក្រុង Glasgow ដើម្បីពិភាក្សាបន្ថែមលើកិច្ចការនេះ។ ក្រុមរដ្ឋមន្ត្រីក៏នឹងពិភាក្សាពីវិធីសាស្ដ្រជួយដល់ប្រទេសក្រីក្រ ហើយពិនិត្យមើលថាតើគួរសងសំណងសម្រាប់ការខូចខាតពីគ្រោះមហន្តរាយធម្មជាតិដែរឬយ៉ាងណា។
ក្នុងវេទិកានេះ ប្រទេសក្រីក្របានអំពាវនាវសុំជំនួយផ្នែកហិរញ្ញវត្ថុចំនួន ១០០ ពាន់លានដុល្លារ ដោយលើកហេតុផលថា ពួកគេកំពុងរងទុក្ខរួចទៅហើយ ហើយនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយការប្រែប្រួលអាកាសធាតុនាពេលអនាគត។
ជាប្រវត្តិសាស្ត្រ ប្រទេសកំពុងអភិវឌ្ឍន៍បានរួមចំណែកដ៏តិចបំផុតក្នុងការបំភាយឧស្ម័នដែលមានភាពបំផ្លិចបំផ្លាញនិងនាំឱ្យមានការប្រែប្រួលអាកាសធាតុ ខណៈដែលប្រទេសអ្នកមានបំផុតបានបំភាយឧស្ម័នក្នុងចំនួនខ្ពស់ទ្វេដងលើសពីប្រទេសក្រីក្របំផុតប្រហែល៥០%។
រដ្ឋាភិបាលចក្រភពអង់គ្លេសបានឱ្យដឹងថា ប្រាក់ជំនួយជាង២៩០លានផោន ដែលភាគច្រើនមានប្រភពពីចក្រភពអង់គ្លេសនឹងផ្ដល់ឱ្យបណ្ដាប្រជាជាតិនៅតំបន់អាស៊ីប៉ាស៊ីហ្វិក រៀបចំផែនការ និងវិនិយោគក្នុងសកម្មភាពអាកាសធាតុ កែលម្អការអភិរក្ស និងលើកកម្ពស់ឱ្យមានការបញ្ចេញឧស្ម័នកាបូនក្នុងកម្រិតទាប៕