លោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសថ្មីរបស់ជប៉ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាមានសារៈសំខាន់ក្នុងការកសាងទំនាក់ទំនងប្រកបដោយភាពស្ថាបនានិងស្ថិរភាពជាមួយប្រទេសចិន ខណៈពេលដែលលោកអំពាវនាវឱ្យមានអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវពីប្រទេសជិតខាងដ៏ធំរបស់ខ្លួន។
ជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានបញ្ចេញមតិច្រើនជាងមុនលើសំណួរនានាជាមួយចិនជុំវិញបញ្ហាដូចជាជម្លោះសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់។
ជាមួយគ្នានេះ គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន គ្រោងនឹងពិនិត្យមើលឡើងវិញនូវជំហរការពារជាតិ ចំពេលមានការពង្រឹងយោធារបស់ប្រទេសចិន ហើយក៏មានគោលបំណងបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងខ្លាំងផងដែរ។
លោក Yoshimasa Hayashi នៅក្នុងសន្និសីទសារព័ត៌មានដំបូងរបស់លោកក្នុងនាមជារដ្ឋមន្ត្រីការបរទេសបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងប្រកបដោយភាពស្ថាបនានិងស្ថិរភាពជាមួយប្រទេសចិន។
លោក Hayashi បាននិយាយថា៖ “ទំនាក់ទំនងរវាងជប៉ុននិងចិនកាន់តែមានសារៈសំខាន់ មិនត្រឹមតែសម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សន្តិភាព និងវិបុលភាពនៃតំបន់ និងសហគមន៍អន្តរជាតិ”។
លោកបានបន្ដថា៖ “យើងត្រូវអះអាងនិងស្នើសុំឱ្យមានអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ ក្នុងពេលជាមួយគ្នានេះ រក្សាការសន្ទនានិងសហការយ៉ាងរឹងមាំលើបញ្ហាប្រឈមរួមគ្នា”។ លោកមិនបានបញ្ជាក់លម្អិតថាតើអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវនោះលោកសំដៅទៅលើបញ្ហាអ្វីនោះឡើយ។
ទំនាក់ទំនងរវាងជប៉ុននិងចិនមានភាពល្អក់កករអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារជម្លោះទឹកដីជុំវិញក្រុមកោះតូចៗនៅសមុទ្រចិនខាងកើត ក៏ដូចជានៅសល់ស្លាកស្នាមនៃការឈ្លានពានរបស់យោធាជប៉ុនកាលពីអតីត។
លោក Hayashi បានបញ្ជាក់ថា ពេលវេលាមិនទាន់អំណោយផលនៅឡើយទេ សម្រាប់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ទៅកាន់ប្រទេសជប៉ុន ដោយសារតែស្ថានភាពជំងឺកូវីដ-១៩៕