បន្ទាយមានជ័យ៖ មន្ត្រីជំនាញ ក ប ប សាខាខេត្តបន្ទាយមានជ័យបានអះអាងថាអ្នកស្លាប់ចំនួន ៧នាក់ នៅមណ្ឌលចត្តាឡីស័ក ស្ថិតនៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមកគឺបណ្តាលមកពីការផឹកមេតាណុលកម្រឹតខ្ពស់ច្រើនពេក។
យោងតាមការឱ្យដឹងពី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) លោកបានបញ្ជាឱ្យមន្រ្តីជំនាញរបស់សាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ចុះពិនិត្យ និងស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីប្រមូលយកសំណាកគំរូមកវិភាគរកមូលហេតុនៃការស្លាប់បាត់បង់ជីវិតនោះ។
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានចុះដល់កន្លែងកើតហេតុ និងទទួលបានព័ត៌មានបឋម មានប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលចំនួន ២៤នាក់ ក្នុងចំណោម ៣៥នាក់ ដែលបានហូបស្រា មានអាការៈតឹងទ្រូង ថប់ដង្ហើម ងងឹតមុខ រាគរូស ចុកទ្រូង ជាដើម បន្ទាប់ពីពួកគាត់បានហូបស្រាដែលផ្សំឡើងពី អាល់កុល លាយជាមួយភេសជ្ជៈអូអ៊ីឈិ និងស្ទីង ហើយត្រូវបានក្រុមគ្រូពេទ្យដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ក បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយមក ដោយស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរពេក ទើបបណ្តាលឱ្យប្រជាពលរដ្ឋចំនួន ៧នាក់ ត្រូវបានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ សង្ស័យពីមូលហេតុនៃការពុល អាចបណ្តាលមកពីការបរិភោគស្រា ដែលមានសារធាតុមេតាណុល។
ក្នុងករណីនេះ មន្ត្រីជំនាញបានប្រមូលយកសំណាកគំរូស្រា ដែលជនរងគ្រោះបានបរិភោគសល់ យកមកវិភាគរកសារធាតុមេតាណុល ដែលជាសារធាតុពុល។ យោងលទ្ធផលវិភាគបឋមនៅមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខាក.ប.ប.ខេត្តបន្ទាយមានជ័យ បានបង្ហាញឱ្យឃើញថា គំរូស្រាដែលទទួលបានពីកន្លែងកើតហេតុ មានវត្តមានសារធាតុមេតាណុលកម្រិតខ្ពស់ ដែលអាចជាមូលហេតុធ្វើឱ្យអ្នកហូបស្លាប់បាត់បង់ជីវិត។