លោក Anthony Fauci អ្នកជំនាញផ្នែកប្រព័ន្ធភាពស៊ាំនិងជាប្រធានវិទ្យាស្ថានជាតិអាលែកហ្ស៊ីនិងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកអាចឆ្លងផុតពីភាពអាសន្នផ្នែកសុខភាពសាធារណៈបង្កដោយមេរោគកូវីដ-១៩នៅឆ្នាំក្រោយ ប្រសិនបើសហរដ្ឋអាមេរិកបង្កើនអត្រាចាក់វ៉ាក់សាំង ហើយអ្នកដែលបានចាក់វ៉ាក់សាំងរួច បន្ដចាក់ដូសជំរុញបន្ថែមទៀត។
លោកបាននិយាយថា៖ “ចូរក្រឡេកមើលប្រទេសផ្សេងៗ ដែលកំពុងបើកយុទ្ធនាការចាក់ដូសជំរុញ។ ខ្ញុំគិតថាប្រសិនបើយើងអាចធ្វើបាន ផុតរដូវរងានេះយើងនឹងអាចគ្រប់គ្រងរឿងនេះបានល្អ។ ខ្ញុំមិនចង់អោបដៃអង្គុយមើលឡើយ នៅពេលដែលមានអ្នកឆ្លងថ្មីក្នុងមួយថ្ងៃប្រហែល ៧០.០០០ ទៅ ៨៥.០០០ នាក់”។
អ្នកជំនាញរូបនេះបានបន្ដថា៖ “គន្លឹះក្នុងការគ្រប់គ្រងមេរោគគឺការចាក់វ៉ាក់សាំងដូសជំរុញ ដែលមានគម្លាត៦ខែបន្ទាប់ពីបានចាក់ដូសមូលដ្ឋានរួច ហើយបច្ចុប្បន្នដូសជំរុញត្រូវបានអនុម័តឱ្យចាក់លើក្រុមជនងាយរងគ្រោះ ប៉ុន្ដែនៅតាមបណ្ដារដ្ឋមួយចំនួននិងទីក្រុងញូវយ៉កក៏បានពង្រីកដល់ក្រុមមនុស្សពេញវ័យផងដែរ”។
ខណៈពេលដែលដំណាក់កាលរាតត្បាតនៃមេរោគកូវីដ-១៩អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ អ្នកជំនាញជឿជាក់ថា មេរោគនេះនឹងមិនរលាយបាត់ពីលើលោកឡើយ ហើយទំនងក្លាយជាជំងឺដែលនៅជាប់ជាប្រចាំដូចជាជំងឺផ្តាសាយ ឬជំងឺអុតស្វាយជាដើម។
លោកបានបញ្ជាក់បន្ថែមថា៖ “សម្រាប់ខ្ញុំផ្ទាល់ មានមនុស្សកាន់តែច្រើនកំពុងទទួលវ៉ាក់សាំងដូសមូលដ្ឋាននិងមនុស្សកាន់តែច្រើនបន្ថែមទៀតកំពុងទទួលដូសជំរុញ ហើយបើទោះបីជាយើងមិនអាចលុបបំបាត់មេរោគទាំងស្រុងក្ដី ប៉ុន្ដែការចម្លងរោគនឹងមិនធ្វើទុក្ខបុកម្នេញលើជីវិតយើងទាំងអស់គ្នាឡើយ”៕