អ្នកនាំពាក្យប្រចាំសេតវិមានលោកស្រី ចេន សាគី បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន មានបំណងឈរឈ្មោះសម្រាប់ការបោះឆ្នោតមួយអាណត្តិទៀតនៅឆ្នាំ២០២៤ ខណៈពេលដែលសមាជិកគណបក្សប្រជាធិបតេយ្យកំពុងតែមានមន្ទិលសង្ស័យថា លោកនឹងឈរឈ្មោះម្ដងទៀតដែរឬទេ។
លោកស្រី សាគី បានថ្លែងដូចនេះ នៅពេលលោក បៃឌិន បានឡើងយន្តហោះ Air Force One ដើម្បីអញ្ជើញចូលរួមពិធីបុណ្យ Thanksgiving ជាមួយកងទ័ពសហរដ្ឋអាមេរិកនៅ Fort Bragg រដ្ឋ North Carolina ដោយលោកស្រីបានបញ្ជាក់ថា បំណងរបស់លោកគឺឈ្មោះសាជាថ្មី។
កាសែត Washington Post បានរាយការណ៍កាលពីចុងសប្តាហ៍ថា លោក បៃឌិន និងទីប្រឹក្សាជិតស្និទ្ធបំផុតរបស់លោកកំពុងធានាអះអាងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា លោកគ្រោងនឹងស្វែងរកការគាំទ្រសម្រាប់អាណត្តិទីពីរ។ ការរាយការណ៍នេះត្រូវបានធ្វើឡើង បន្ទាប់ពីកាសែត Politico កាលពីសប្តាហ៍មុន បានចេញផ្សាយពី សមាជិកគណបក្សប្រជាធិបតេយ្យដែលមានចំណាប់អារម្មណ៍ឈរឈ្មោះជាប្រធានាធិបតី ក្នុងករណីលោក បៃឌិន មិនឈរឈ្មោះក្នុងអាណត្តិទី២។
ខណៈពេលដែលផែនការរបស់លោក បៃឌិន សម្រាប់ឆ្នាំ២០២៤ អាចមានផ្លាស់ប្តូរក្នុងរយៈពេល២ឆ្នាំខាងមុខក្ដី ប៉ុន្ដែប្រភពជិតស្និទ្ធរបស់លោកប្រធានាធិបតីបានបញ្ជាក់ថា ចាប់តាំងពីពេលលោកចូលកាន់តំណែងក្នុងខែមករា ដើមឆ្នាំនេះ លោកបានបន្ដរក្សាជំហរថា លោកនឹងបន្ដរៀបចំយុទ្ធនាការបោះឆ្នោតសម្រាប់អាណត្តិទីពីរ៕