អន្តរជាតិ៖ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសអាហ្វហ្គានីស្ថានបានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីស្តីទីនៃរដ្ឋាភិបាលបណ្តោះអាសន្នតាលីបង់។នេះបើយោងតាមការចេញផ្សាយរបស់កាសែតNHKនៅថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២១។ប្រភពពីរដ្ឋាភិបាលជប៉ុនបានបង្ហើបឱ្យដឹងថាឯកអគ្គរដ្ឋទូតលោក Okada Takashi បានជួបពិភាក្សាជាមួយលោក Abdul Kabirនៅក្នុងទីក្រុង Kabulកាលពីថ្ងៃអង្គារដែលជាជំនួបលើកដំបូងរបស់ពួកគេ។
លោកKabir បាននិយាយថា រដ្ឋាភិបាលបណ្តោះអាសន្នរបស់ក្រុមតាលីបង់ មានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយប្រទេសផ្សេងទៀត រួមទាំងប្រទេសជប៉ុនផងដែរ។នេះបើតាមប្រភពខាងលើ។លោកOkada ត្រូវបានគេជឿថាបានស្វែងរកការឆ្លងកាត់ប្រកបដោយសុវត្ថិភាពនៃបុគ្គលិកជំនួយមនុស្សធម៌ពីប្រទេសជប៉ុន ក៏ដូចជាបានអំពាវនាវដល់រដ្ឋាភិបាលបណ្តោះអាសន្នឱ្យគោរពសិទ្ធិស្ត្រីនិងជនជាតិភាគតិច។លោកទំនងជាបានស្នើឲ្យមានការបង្កើតក្របខណ្ឌនយោបាយមួយដែលមានការចូលរួមពីគ្រប់ជនជាតិ។
សូមជម្រាបថារដ្ឋាភិបាលជប៉ុនបានបង្កើតការិយាល័យស្ថានទូតបណ្តោះអាសន្នរបស់ខ្លួនសម្រាប់អាហ្វហ្គានីស្ថាននៅក្នុងប្រទេសកាតា។យោងតាមសេចក្តីរាយការណ៍លោក Okada បាននិយាយថាស្ថានទូតនៅទីក្រុងកាប៊ុលនឹងបើកឡើងវិញនៅពេលដែលសុវត្ថិភាពត្រូវបានធានាយ៉ាងពេញលេញ។កិច្ចប្រជុំនេះធ្វើឡើងនៅពេលដែលបេសកជនមកពីប្រទេសអាល្លឺម៉ង់ និងហូឡង់បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសស្តីទីរបស់តាលីបង់ លោក Amir Khan Muttaqi កាលពីដើមខែនេះ។
បេសកជនពិសេសរបស់សហរដ្ឋអាមេរិកក៏គ្រោងនឹងមកជួបមន្ត្រីជាន់ខ្ពស់នៃក្រុមអ៊ិស្លាមនិយមនៅក្នុងប្រទេសកាតានៅសប្តាហ៍ក្រោយនេះដែរ៕