កាសែត Sydney Morning Herald បានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអូស្ត្រាលីកំពុងពិចារណាមិនបញ្ជូនមន្ត្រីរដ្ឋាភិបាលណាមួយទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែលនឹងធ្វើឡើងនៅទីក្រុងប៉េកាំងនៅឆ្នាំក្រោយឡើយ ចំពេលមានការអំពាវនាវកាន់តែខ្លាំងឡើងពីសមាជិកសភាឱ្យធ្វើពហិការការទូតជាផ្លូវការ។
កាសែតបានរាយការណ៍ថា អ្នកនយោបាយអូស្ត្រាលីមកពីបក្សកាន់អំណាចនិងបក្សប្រឆាំងកំពុងជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍ ដែលនឹងប្រារព្ធឡើងនៅក្នុងខែកុម្ភៈ ប៉ុន្ដែកាសែតនេះបានរាយការណ៍ដោយគ្មានប្រភពបញ្ជាក់ឡើយ។
ការធ្វើពហិការការទូតនឹងរួមមានការមិនបញ្ជូនគណៈប្រតិភូមន្ត្រី ប៉ុន្តែអនុញ្ញាតឱ្យមានអត្តពលិកចូលរួម។
អ្នកនាំពាក្យរបស់រដ្ឋមន្ត្រីកីឡាលោក Richard Colbeck បានឆ្លើយតបតាមអ៊ីមែលថា៖ “ការសម្រេចចិត្តលើការបញ្ជូនតំណាងរបស់អូស្ត្រាលីសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ”។
ដោយឡែក លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុនបាននិយាយថា សហរដ្ឋអាមេរិកកំពុងពិចារណាលើការធ្វើពហិការការទូតនៃព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលជាវិធានការមួយដើម្បីប្រឆាំងនឹងបញ្ហាសិទ្ធិមនុស្សនៅប្រទេសចិន។
ចំណែកឯចក្រភពអង់គ្លេសក៏មិនទាន់បានធ្វើការសម្រេចចិត្តចាត់បញ្ជូនគណៈប្រតិភូឱ្យទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកផងដែរ ប៉ុន្ដែអ្នកនាំពាក្យរបស់លោក Boris Johnson បានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីមិនគាំទ្រគំនិតនៃការធ្វើពហិការនោះទេ៕