អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃចន្ទថា ការរំខានផ្នែកថែទាំសុខភាពដោយសារតែការរាតត្បាតនៃមេរោគកូវីដ-១៩បានធ្វើឱ្យជំងឺគ្រុនចាញ់សម្លាប់អ្នកជំងឺ ៦៩.០០០ នាក់បន្ថែមទៀត ប៉ុន្ដែសេណារីយ៉ូដ៏អាក្រក់បំផុតត្រូវបានជៀសផុត។
WHO បានឱ្យដឹងក្នុងរបាយការណ៍ជំងឺគ្រុនចាញ់ប្រចាំឆ្នាំរបស់ខ្លួនថា ជាសរុបមនុស្សជាង ៦២៧.០០០ នាក់នៅទូទាំងពិភពលោក ដែលភាគច្រើនជាទារកនៅតំបន់ក្រីក្របំផុតនៃទ្វីបអាហ្រ្វិក បានស្លាប់ដោយជំងឺគ្រុនចាញ់កាលពីឆ្នាំមុន បើធៀបនឹងឆ្នាំ២០១៩ អត្រាស្លាប់មាន ៥៥៨.០០០ នាក់។
WHO បានបញ្ជាក់ថា ប្រហែលពីរភាគបីនៃការស្លាប់ដោយជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០២០ គឺដោយសារតែវិធានការរឹតបន្ដឹងដើម្បីទប់ស្កាត់ការចម្លងមេរោគ ដែលបានរំខានដល់ការការពារ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលនៃជំងឺគ្រុនចាញ់។
ប៉ុន្ដែ កិច្ចខិតខំប្រឹងប្រែងដើម្បីផ្ដល់សេវាសុខភាពនៅទ្វីបអាហ្វ្រិកក្នុងពេលដែលមានជំងឺឆ្លងរាតត្បាតនេះក៏បានជួយទប់ស្កាត់មិនឱ្យមានការស្លាប់ទ្វេដងដោយសារជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០២០ ដូចដែលអង្គការសុខភាពពិភពលោកធ្លាប់បានព្រមានពីសេណារីយ៉ូនេះឡើយ។
ផ្ទុយទៅវិញ ចំនួនអ្នកស្លាប់នៅក្នុងតំបន់បានកើនឡើង ១២% បើធៀបនឹងឆ្នាំ២០១៩។ នេះបើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក។
លោក Pedro Alonso នាយកកម្មវិធីជំងឺគ្រុនចាញ់ជាសកលរបស់អង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា៖ “សូមអរគុណចំពោះការខិតខំប្រឹងប្រែងជាបន្ទាន់និងខ្លាំងក្លា យើងអាចអះអាងថាពិភពលោកបានទទួលជោគជ័យក្នុងការបញ្ចៀសនូវសេណារីយ៉ូដ៏អាក្រក់បំផុតនៃការស្លាប់ដោយជំងឺគ្រុនចាញ់”៕