សហរដ្ឋអាមេរិកបានប្រកាសធ្វើពហិការការទូតក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ដែលគ្រោងរៀបចំឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន។ សេតវិមានបានឱ្យដឹងថា គ្មានគណៈប្រតិភូផ្លូវការណាមួយនឹងត្រូវបញ្ជូនឱ្យចូលរួមក្នុងការប្រកួតកីឡានោះទេ ដោយសារតែមានការព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្សរបស់ប្រទេសចិន។
ប៉ុន្តែ សេតវិមានបានបញ្ជាក់ថា អត្តពលិកអាមេរិកអាចចូលរួមបាន ហើយនឹងមានការគាំទ្រពេញទំហឹងពីរដ្ឋាភិបាល។ ចិនធ្លាប់បាននិយាយថា ខ្លួននឹងចាត់វិធានការប្រឆាំងយ៉ាងដាច់ខាតក្នុងព្រឹត្តិការណ៍នៃការធ្វើពហិការ។
អ្នកនាំពាក្យប្រចាំសេតវិមានលោកស្រី Jen Psaki បានបញ្ជាក់ពីការធ្វើពហិការនេះកាលពីថ្ងៃចន្ទ ដោយនិយាយថារដ្ឋបាលនឹងចូលរួមចំណែកក្នុងការអបអរសាទរកីឡាអូឡាំពិកនោះទេ។
លោកស្រីបានថ្លែងថា តំណាងការទូតឬផ្លូវការរបស់សហរដ្ឋអាមេរិកនឹងចាត់ទុកព្រឹត្តិការណ៍នេះជាកិច្ចការដ៏សំខាន់នៅចំពោះមុខការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនិងអំពើឃោរឃៅនៅខេត្តស៊ីនជាំង។
គួរបញ្ជាក់ផងដែរថា ការធ្វើពហិការការទូតរបស់លោក ចូ បៃឌិន ត្រូវបានប្រកាសលឿនជាងព្រឹត្តិការណ៍ពហិការការទូតចាស់កាលពីឆ្នាំ១៩៨០ ដែលនៅពេលនោះ សហរដ្ឋអាមេរិកបានសម្រេចដកអត្តពលិករបស់ខ្លួនចេញពីកីឡាអូឡាំពិកនៅទីក្រុងមូស្គូ ដើម្បីតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់សូវៀតលើអាហ្វហ្គានីស្ថានក្នុងឆ្នាំ១៩៧៩។ សហភាពសូវៀតនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានធ្វើពហិការចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ១៩៨៤ ដែលធ្វើឡើងនៅទីក្រុងឡូសអេនជើឡេស សហរដ្ឋអាមេរិក៕