លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បាននិយាយថា អូស្ដ្រាលីនឹងចូលរួមធ្វើពហិការការទូតជាមួយសហរដ្ឋអាមេរិកក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២នៅទីក្រុងប៉េកាំង ប្រទេសចិន។
លោកនាយករដ្ឋមន្ត្រីបាននិយាយថា ការសម្រេចចិត្តនេះគឺដើម្បីឆ្លើយតបទៅនឹង “ការរំលោភសិទ្ធិមនុស្ស” នៅក្នុងខេត្តស៊ីនជាំងរបស់ប្រទេសចិន និង “បញ្ហាជាច្រើនទៀតដែលអូស្ត្រាលីបានលើកឡើងជាបន្តបន្ទាប់” ប៉ុន្ដែអត្តពលិកតំណាងអូស្ដ្រាលីនឹងនៅតែចូលរួម។
ប្រទេសចិនបានថ្កោលទោសការប្រកាសរបស់សហរដ្ឋអាមេរិក និងបានគំរាមសងសឹក ប៉ុន្ដែមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងមិនបញ្ជូនអ្នកការទូតទៅចូលរួមការប្រកួតកីឡានៅទីក្រុងប៉េកាំងឡើយ ជុំវិញការព្រួយបារម្ភអំពីសិទ្ធិមនុស្សរបស់ប្រទេសចិន។
លោក Morrison បាននិយាយថា វាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលអូស្ត្រាលីបានចូលរួមក្នុងការធ្វើពហិការនេះ ដោយសារតែទំនាក់ទំនងអូស្ដ្រាលីជាមួយប្រទេសចិនបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
លោកបានថ្លែងចំពោះមុខអ្នកកាសែតកាលពីថ្ងៃពុធថា៖ “ខ្ញុំធ្វើបែបនេះព្រោះវាជាផលប្រយោជន៍ជាតិរបស់ប្រទេសអូស្ត្រាលី។ វាជារឿងដ៏ត្រឹមត្រូវដែលត្រូវធ្វើ”។
លោកបានចោទចិនថាបដិសេធឱកាសក្នុងការជួសជុលទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយទទូចថា អូស្ត្រាលីនៅតែបើកចំហជានិច្ចចំពោះកិច្ចចរចាទ្វេភាគី៕