កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ (UN) បានផ្អាកការចែកចាយជំនួយស្បៀងអាហារនៅក្នុងទីក្រុងភាគខាងជើងនៃប្រទេសអេត្យូពីចំនួនពីរ បន្ទាប់ពីខ្មាន់កាំភ្លើងបានចូលលួចស្បៀងក្នុងឃ្លាំង។
អង្គការសហប្រជាជាតិបានឱ្យដឹងថា ក្រុមចោរលួចគឺជាកងកម្លាំងក្រុមឧទ្ទាម Tigrayan ដែលបានភ្ជង់កាំភ្លើងដាក់បុគ្គលិករបស់អង្គការសហប្រជាជាតិនៅឯទីប្រជុំជន Kombolcha ។ ពួកគេបានលួចអាហារសំខាន់ៗមួយចំនួនធំ រួមទាំងអាហារមួយចំនួនសម្រាប់កុមារដែលខ្វះអាហារូបត្ថម្ភ។
ប្រទេសអេត្យូពីខាងជើងកំពុងប្រឈមនឹងការអត់ឃ្លានដ៏ធំ ចំពេលមានសង្រ្គាមស៊ីវិលដែលកំពុងបន្តរវាងកងកម្លាំង Tigrayan និងកងកម្លាំងរដ្ឋាភិបាល។ អង្គការសហប្រជាជាតិបានបន្ដថា បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់រយៈពេលជាងមួយឆ្នាំ មនុស្សជាងប្រាំបួនលាននាក់កំពុងត្រូវការការផ្គត់ផ្គង់ស្បៀងអាហារសំខាន់ៗ។
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ ដែលទទួលបន្ទុកគ្រប់គ្រងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយថា បុគ្គលិករបស់ខ្លួននៅទីនោះបានប្រឈមមុខនឹងការបំភិតបំភ័យយ៉ាងខ្លាំង ក្នុងអំឡុងពេលដែលក្រុមចោរបានធ្វើសកម្មភាពលួច។
លោកបានបន្ថែមថា៖ “ការបៀតបៀនបុគ្គលិកមនុស្សធម៌បែបនេះដោយកងកម្លាំងប្រដាប់អាវុធគឺមិនអាចទទួលយកបានទេ។ វាធ្វើឱ្យអាប់អោនសមត្ថភាពអង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌ទាំងអស់របស់យើងក្នុងការផ្តល់ជំនួយ នៅពេលដែលប្រជាជនត្រូវការបំផុត”។
អ្នកនាំពាក្យក៏បានចោទប្រកាន់កងទ័ពរដ្ឋាភិបាលថាបានបញ្ជារថយន្តមនុស្សធម៌របស់ WFP ចំនួនបីគ្រឿង និងប្រើប្រាស់សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ៕